ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃទី១ខែកញ្ញា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១១.៤៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ក្នុងនោះទីក្រុងហូជីមិញឆ្លងច្រើនជាងគេ មានជាង៥ពាន់នាក់។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន ៩.៨៦២នាក់ដែរ ។
ក្នុងពេលនេះដែរវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានសរុប ជាង២០,២លានដូសហើយ ក្នុងនោះមានជាង២,៧លានដូសចាក់រួចរាល់ពីរដូស ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះ អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវដល់ប្រទេសអ្នកមានៗឱ្យពន្លឿនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន៩២ប្រទេស។
អតីតសហប្រធាននៃក្រុមប្រឹក្សាឯករាជ្យរបស់អង្គការសុខភាពពិភពលោកស្តីពីការគ្រប់គ្រង បង្ការ និងឆ្លើយតបជាមួយជំងឺឆ្លងរាតត្បាត (IPPPR) និងជាអតីតប្រធានាធិបតីប្រទេសលីបេរីយ៉ា លោកស្រី អ៊ែលលែន ចនសុន សឺលីហ្វ (Ellen Johnson Sirleaf) និងលោកស្រី ហេលែន ក្លាក (Helen Clark) អតីតនាយករដ្ឋមន្រ្តីប្រទេសនូវែលហ្សេឡង់ធ្លាប់បានអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងចំនួន «១ពាន់លានដូស» នៅក្នុងថ្ងៃទី០១ ខែកញ្ញានេះតែម្តង ជាមួយនឹង «១ពាន់លានដូស» បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
នៅថ្ងៃទី០១ ខែកញ្ញានេះ ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ្នកមានទាំងឡាយ ដែលមិនបានចែកចាយវ៉ាក់សាំងរបស់ពួកគេ ឱ្យបានលឿនរហ័សទៅតាមពេលកំណត់។ បើតាមទិន្នន័យដែលប្រមូលបានដោយគេហទំព័រ Our World in Data (OWID) រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួន ៥.២៩ពាន់លានដូសត្រូវបានចាក់ជូនដល់ប្រជាជន នៅទូទាំងពិភពលោកហើយ ក្នុងនោះ ៣៩.៥% នៃប្រជាជនសរុបនៅទូទាំងពិភពលោក បានទទួលការចាក់យ៉ាងហោចណាស់ក៏១ដូសដែរ៕
ដោយ៖ធីរីណា(រូបភាព៖vtc.vn)