ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ស្តីពីសេចក្តីណែនាំបែបបទ និងនីតិវិធីសម្រាប់អនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត និងខិតប័ណ្ណណែនាំ ស្តីពីការទទួលខុសត្រូវ និងការអនុវត្តន៍កាតព្វកិច្ច របស់ជនបរទេសអន្តោប្រវេសន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ លោកប្រធាន-អនុនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំននេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា កិច្ចប្រជុំលើសេចក្តីព្រាងនេះ គឺធ្វើឡើងដើម្បីឲ្យដំណើរការបែបបទ និងនីតិវិធី សម្រាប់ដល់ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អតាមរបៀបមួយ ដែលហៅជាលក្ខណៈក្បួនខ្នាត ជាលក្ខណៈវិជ្ជាជីវៈ ហើយឯកភាពគ្នាទូទាំងប្រទេស។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍អគ្គនាយក បានមានប្រសាសន៍បន្តថា គោលដៅនៃសេចក្តីព្រាងនេះ គឺធ្វើឡើង សម្រាប់នគរបាល សម្រាប់ប្រទេសដែលមានសមត្ថកិច្ច អាចយល់ដឹងតាមលក្ខណៈ ឬសំណូមពរ របស់ជនបរទេសអន្តោប្រវេសន្ត ដូចជាការផ្លាស់ប្តូរទីលំនៅ ការប្តូរការងារពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមរយៈសៀវភៅការងារ ឬខិតប័ណ្ណ ដើម្បីឲ្យការងារគ្រប់គ្រងជនបរទេសមានលក្ខណៈងាយស្រួល។
ជាទីបញ្ចប់ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានចំណាយពេលវេលា និងខិតខំចងក្រងសេចក្តីព្រាងនេះឡើង៕
ដោយ៖សហការី