ភ្នំពេញ៖ ការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ និងអនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពី៤ខ្នងមកនៅ៣ខ្ទង់ និងបន្តចុះមកនៅចំនួន២ខ្ទង់ថែមទៀត គឺពី១០០០ មក នៅជាង១០០ហើយធ្លាក់មកនៅ៦០ជាង ។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញ ទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរ
ខណ្ឌទាំង១៤ នៅរសៀលថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។
លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ជំងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជំងឺកូវីដ-១៩ ពី៤ខ្នងធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត។ នេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញអោយមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តថា ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ។ លោកឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូត ៤ខ្នង បានធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត ចំណែក អ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។
ក្នុងនោះដែរលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់អោយដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវយកសំណាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង៣,៥៦ភាគរយក្នុងនោះមានប្រភេទ ដែលតា ចំនួន១១នាក់ស្មើនឹង១,៤៨ភាគរយ។
លទ្ធផលនេះ គឺពិតជាបានមកពីការ ស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹង ប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ៕
ដោយ ៖ សំរិត