ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តកំពង់ចាមមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី !

ចែករំលែក៖

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ រស់នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន  និងបុរសជនជាតិខ្មែរ អាយុ ៦២ឆ្នាំ រស់នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖

១-ស្រ្តីជនជាតិខ្មែរឥស្លាម ឈ្មោះ សេន ម៉ារី អាយុ៥៣ឆ្នាំ នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុក កោះសូទិន ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែមរ៉ាំរ៉ៃ និង លើសទម្ងន់៣។ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាពហត់ ដង្ហក់ ត្រូវក្រុមគ្រូពេទ្យយក សំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាម បច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ០៧:០០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរឥស្លាម សេន ម៉ារី អាយុ ៥៣ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩, ជំងឺលើសសម្ពាធឈាម ទឹកនោម ផ្អែមរ៉ាំរ៉ៃ និងលើសទម្ងន់ ៣ ។

២-បុរសជនជាតិខ្មែរ ឈ្មោះ យ៉េត ម៉ោង អាយុ ៦២ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម។ បុរសរូបនេះ បានស្លាប់នៅផ្ទះរបស់គាត់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤.០០ ទៀបភ្លឺ។ បន្ទាប់ពីបុរសរូបនេះ ស្លាប់ ត្រូវក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមាន កូវីដ-១៩។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ យ៉េត ម៉ោង អាយុ ៦២ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖