ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ នៃ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ បានបើកកិច្ចប្រជុំលើកទី១ តាមរយៈប្រព័ន្ធ អនឡាញ (Zoom) ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

១- បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២។

២- បានប្រកាសជាផ្លូវការសមាសភាពអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ចំនួន ០២រូប ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត:

– លោក គឹម ចាន់សំណាង អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក

– លោកឧកញ៉ា បណ្ឌិត ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈកម្មកររបស់និយោជក។ 

៣- បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពស្ថិតិសំខាន់ៗ នៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ក្នុងបរិបទន វិបត្តិជំងឺកូវីដ-១៩ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

៤- បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ។

៥- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅម៉ោង ៩ព្រឹក នៃថ្ងៃទី១៤, ទី២១ និងទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) តាមសំណូមពរ និងស្ថានភាព ជាក់ស្តែងនៃសមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖