ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់អត្តសញ្ញាណ គាស់ទម្លាយយកទ្រព្យសម្បត្តិលំនៅដ្ឋានបុគ្គលិកអគ្គិសនីខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ អស់ជាច្រើន ខណ:ជនរងគ្រោះជាបុគ្កលិកអគ្គិសនីខេត្តបាត់ដំបងមកធ្វើផ្ទះស្នាក់នៅ  ផ្ទះនៅដាច់ឆ្ងាយពីគេឯង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ព្រឹកនៅត្រង់នៅចំណុចក្រុមទី០៧ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

មន្ត្រីនគរបាល ស្រុកឯកភ្នំ បានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ង៉ែត ណារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជាបុគ្កលិកអគ្គិសនីខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការងារនៅកន្លែងអគ្គិសនីខេត្តចាប់ពីម៉ោង ០៧ព្រឹក ដោយទុកផ្ទះចោលគ្មានមនុស្សចាំ។លុះដល់ម៉ោងប្រហែល ១០ព្រឹកថ្ងៃដដែល ពេលត្រឡប់ដល់ផ្ទះស្រាប់តែឃើញទ្វារក្រោយផ្ទះរបើកមានស្នាមកាត់សោ។ ពេលជនរងគ្រោះចូលក្នុងផ្ទះពិនិត្យមើលស្រាប់តែឃើញពីដានដំបូងផ្ទះធ្លាយប្រហោងចំកន្លែងបន្ទប់ដេកហើយទ្វារក្នុងបន្ទប់ផ្ទះរបើកទើបដឹងថាមានចោរចូលលួចទ្រព្យសម្បត្តិ។ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទរាយការណ៍និងប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលស្រុកឯកភ្នំបានចុះធ្វើការត្រួតពិនិត្យក្នុងនោះសម្ភារបាត់បង់រួមមាន៖

– អំភ្លីអេសអឹមសោមកាត់ណាញប្លឹស ពណ៌ខ្មៅ ចំនួន ០១គ្រឿង

– ក្បាលមេក្រូហ្វូនចំនួន ០១គូ

– ម៉ូទ័រកាត់ដែកចំនួន ០១គ្រឿង

– សរុបទឹកប្រាក់ចំនួន ២២០$ (ពីរយម្ភៃដុល្លារអាមេរិក) ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជាជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖