ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មមួយគ្រឿងបែកកង់ក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង​ និងរាយថ្មពេញផ្លូវបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ

ចែករំលែក៖

  ភ្នំពេញ ៖​ បងប្អូនប្រជាពលរដ្ឋជាច្រេីនបានកកស្ទះចរាចរណ៍ព្រោះតែរថយន្តបែនដឹកថ្មមួយគ្រឿងបានបែកកង់ក្រោយក្រឡាប់ផ្ងារជើងនៅចំកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រែកប្រណាក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីណូប្រភេទបែនធុនធំ​ ពណ៌ផ្កាឈូក​ អត់មានស្លាកលេខ ដឹកថ្មពេញព្រៀបធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានបែកកង់ខាងក្រោយផ្នែកខាងឆ្វេងហេីយរេចង្កូតក្រឡាប់ផ្ងារជើងនៅចំកណ្តាលផ្លូវ និងធ្លាក់ដុំថ្មរាយប៉ាយពេញផ្លូវ តែសំណាងល្អអ្នកបើកបររថយន្តបង្ក​ និងអ្នកដំណេីរមិនមានអ្នកណារងរបួសនោះ​ទេ។ 

   ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក​ បានចុះទៅត្រួតពិនិត្យឃេីញថា រថយន្តបង្កនេះមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏មិនបង្កឲ្យមានអ្នករងរបួស​ ទេីបសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តចេញពីកន្លែងកេីតហេតុ​ ។

ចំណែកដុំថ្មដែលធ្លាក់រាយប៉ាយពេញផ្លូវត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាយកប៉ែលមកកាយដាក់នៅចិញ្ចើមផ្លូវដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាធម្មតាវិញ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖