ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃ៥នាក់ កំពុងលួចឆ្លងដែនមកធ្វើការនៅកាស៊ីណូអនឡាញក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃជារឿយៗគេសង្កេតឃើញថាកម្លាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃតែងតែឃាត់ខ្លួនមនុស្សលួចឆ្លងដែន បើទោះជាក្នុងដំណាក់កាលទប់ស្កាត់covid-19 ក៏ដោយ ហើយការលួចឆ្លងដែននោះ ក៏ព្រោះតែជឿទៅលើមេខ្យល់បញ្ចុះបញ្ចូលជាដើម ជាក់ស្ដែងកាលពីវេលាម៉ោង១២ និង១២នាទីយប់រំលងអធ្រាត្រឈានចូល
ថ្ងៃទី១០កញ្ញា២០២១នេះ។

   អ្នកសារព័ត៌មានថៃរាយការណ៍ថា មេបញ្ជាការកងកម្លាំងបូរផា បញ្ជាឲ្យកម្លាំងការពារព្រំដែន រឹតបន្តឹងការលួចឆ្លងដែនដោយខុសច្បាប់ ទាំងជនជាតិថៃនិងជនជាតិខ្មែរ ដោយកម្លាំងអង្គភាពចំពោះកិច្ចស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយនគរបាលការពារព្រំដែនទី១២ បានចាប់ខ្លួនបុរសជនជាតិថៃ៥នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីទៅធ្វើការកាស៊ីណូអនឡាញ ដោយសមត្ថកិច្ចចាប់ខ្លួនបានត្រង់បង្គោលឡាក់48 PTA 51333 24093 បរិវេណភូមិណងចាន់ ឃុំណូន ម៉ាក់មុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ។

  សេចក្ដីរាយការណ៍ថា នៅពេលសមត្ថកិច្ចថៃឆែកឆេររកឃើញថា ជនជាតិថៃទាំងអស់មានទីលំនៅតាមបណ្ដាខេត្តមួយចំនួន។ ពេលសមត្ថកិច្ចសួរចម្លើយ ជនជាតិថៃទាំង៥នាក់ បានប្រាប់ថា ទៅធ្វើការនៅប្រទេសកម្ពុជា ដោយមានការណែនាំពីមិត្តភក្ដិម្នាក់ ដោយទំនាក់ទំនងតាមហ្វេសប៊ុក ដែលធ្វើការកាស៊ីណូអនឡាញនៅក្រុងប៉ោយប៉ែត ហើយការធ្វើដំណើរលើនេះ មិនចាំបាច់ចំណាយលុយខ្លួនឯងទេ ព្រោះខាងក្រុមហ៊ុនអនឡាញ ចាត់ចែងឲ្យគ្រប់យ៉ាង។ ក្នុងអំឡុងពេលរង់ចាំអ្នកនាំផ្លូវមកទទួល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមុន ទើបនាំខ្លួនមកសួរនាំបន្ថែម នៅទីបញ្ជាការកងរយទី៤ នឹងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីនឹងមានវិធានការតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖