អ្នកសារព័ត៌មានជនជាតិអាហ្វហ្គានីស្ថានពីររូប ត្រូវក្រុមតាលីបង់ វាយធ្វើទារុណកម្ម ហើយឃុំខ្លួនជាច្រើនម៉ោង ដោយសារតែបានផ្សព្វផ្សាយ ស្តីពីការធ្វើបាតុកម្មនៅរដ្ឋធានីកាប៊ុល ។
អ្នកសារព័ត៌មានពីររូបដែលរងការវាយធ្វើបាបគឺលោក Nematullah Naqdi និងមិត្តរូមការងារ លោក Taqi Daryabi បានធ្វើការឲ្យសារព័ត៌មាន Etilaat Roz ត្រូវក្រុមតាលីបង់វាយកាលពីថ្ងៃទី៨ខែកញ្ញាក្រោយទៅផ្សព្វផ្សាយព័ត៌មានស្រ្តីធ្វើបាតុកម្ម ទាមទារសិទ្ធិ។
អ្នកសារព័ត៌មានទាំងពីររូបខាងលើ បានលើកឡើងថា ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការប៉ូលិស ក្រោយមកកម្លាំងតាលីបង់បានប្រើប្រាស់ដំបង រំពាត់ខ្សែភ្លើង ដោយចោទប្រកាន់ពីការចូលរួមធ្វើបាតុកម្ម ។
អ្នកឯកទេសថតរូបសម្រាប់សារព័ត៌មាន Nematullah Naqdi បានលើកឡើងថា«ក្រុមឧទ្ទាមតាលីបង់ ដាក់ជើងលើក្បាលខ្ញុំជាន់សង្កត់ចុះហើយទាត់ក្បាលខ្ញុំ…ពេលនោះខ្ញុំគិតថាពួកគេនឹងសម្លាប់ខ្ញុំ»។
លោក Nematullah Naqdi ត្រូវបានក្រុមតាលីបង់ចាប់ខ្លួនភ្លាមៗ ពេលកំពុងថតរូប «ក្រុមតាលីបង់និយាយថាខ្ញុំគ្មានសិទ្ធិថតរូបឡើយ។ ពួកគេចាប់ខ្លួនមនុស្សទាំងអស់ដែលបានថតរូប ដោយយកទាំងទូរស័ព្ទនិង ម៉ាស៊ីនថត»។
នៅពេលនេះក្រុមតាលីបង់មិនទាន់ឆ្លើយសំណួរដែលសារព័ត៌មាន AFP បានចោទសួរនៅឡើយទេ។ ប៉ុន្តែក្រុមតាលីបង់ប្រកាសថា ការធ្វើបាតុកម្មគឺជារឿងខុសច្បាប់ លើកលែងតែទទួលបានការអនុញ្ញាតពីក្រសួងយុត្តិធម៌។
សារព័ត៌មាន AFP បានផ្សាយថា ការធ្វើបាតុកម្មគឺជាការសាកល្បង ដល់ការដឹកនាំរបស់ក្រុមតាលីបង់ ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចនៅថ្ងៃទី ១៥ខែសីហា ដោយសន្យានាំមកនូវសន្តិភាពស្ថេរភាព និងគោរពសិទ្ធិស្ត្រី ៕
ដោយ៖ធីរីណា(រូបភាព៖AFP)