ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះផងដែរ ក៏មានវត្តមាន សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប ក៏បានអញ្ជើញចូលរួមចាក់វ៉ាក់សាំងផងដែរ ។  លោកស្រីកិត្តិសង្គហបណ្ឌិតក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីអាយុ១២ឆ្នាំ-១៧ឆ្នាំ រហូតដល់មនុស្សចាស់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូរ៉ូណា(កូវីដ-១៩) សំដៅស្តារសេដ្ឋកិច្ចនិងសង្គមជាតិឡើងវិញ ឈានដល់ការបើកសាលារៀនវិញ ដើម្បីឲ្យប្រទសបានចាកចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខ។

លោកស្រីក៏បានអំពាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារនិងសហគមន៍របស់ខ្លួន និង បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ»ឱ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នាទោះជាបានទទួលវ៉ាក់សាំងការពាររួចហើយយ៉ាងណាក្តី ៕

ដោយ ៖ សិលា


ចែករំលែក៖