ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យ​អាសូរ​ណាស់​លោក​អេីយ! ក្មេង​ប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​ នាំ​គ្នា​ទៅ​ស្ទូចត្រី​នៅ​វាលស្រែ​ បែរជាលង់ទឹក​ប្រឡាយ​ស្លាប់​ទាំង២

ចែករំលែក៖

​ភ្នំពេញ៖ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​ក្មេង​ប្រុស​ ២​នាក់ បងប្អូន​ជីដូនមួយ​ បាន​នាំ​គ្នា​ទៅ​ស្ទូចត្រី​នៅ​វាលស្រែ បែរជានាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ប្រឡាយ​ បណ្ដាល​ឱ្យ​​លង់​ទឹកស្លា​ប់​ទាំង​២​នាក់​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ 

នេះបេី​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​នៅកន្លែងកើតហេតុ​ បាន​និយាយ​ថា ក្មេង​ប្រុស​ដែល​ស្លា​ប់​ខាងលើ​នេះ​ទី១,មានឈ្មោះ ហ័​រ អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ហើយ​បាន​មក​លេង​ផ្ទះ​បងប្អូន​ជនរងគ្រោះ​ទី២,មានត្រូវជា​បងជីដូនមួយ​ឈ្មោះ សេង ហុង អាយុ​៧​ឆ្នាំ បានមកលេងផ្ទះបងប្អូន​ ២​ទៅ​៣​ថ្ងៃ​កន្លង​មក​ហើយ​ ។ ដោយ​ទីតាំង​កេីត​ហេតុ​មាន​ជម្រៅ​ប្រមាណ​ជាង​៣​ម៉ែត្រ​ឯណោះ ដែល​អាជ្ញាធរ​ទើបតែ​កាយ​ស្ដារ​រួច​ថ្មី​ៗ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​ស្រូវ និង​ភូមិឋាន​នៅ​តំបន់​នោះ។ 

ប្រភព​ដដែល​ បានបន្តទៀតថា​​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​ម្ដាយ​បាន​ជាប់រវល់​ទៅ​រកស៊ី ហើយ​បាន​ទុក​ឲ្យ​ក្មេង​ប្រុស​ទាំង​២​នាក់ នៅ​ជាមួយ​បងស្រី​ម្នាក់​ទៀត​អាយុ​១០​ឆ្នាំ ។ ប៉ុន្តែ​ដោយ​បងស្រី​ជាប់រវល់​ទៅ​រៀន ទើប​ក្មេង​ប្រុស​រង​គ្រោះ​នៅផ្ទះ​តែ​២​នាក់ លុះដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃ​កើតហេតុ​បាន​នាំ​គ្នា​ទៅ​ស្ទូចត្រី​នៅ​ត្រង់​ចំណុច​ខាងលើ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ។ភ្លាម​នោះ​ដោយសារ​តែ​មានការ​ងឿងឆ្ងល់ អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​រក​មើល​ហើយ​បាន​ប្រទះ​ឃើញ​ស្បែកជើង​២​គូ​រនៅ​មាត់​ប្រឡាយ។ 

បន្ទាប់​មក​ប្រជាពលរដ្ឋ​នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋា​ន​ និង​យក​អួន​ទៅ​អូស និង​បង់សំណាញ់ ស្រាប់តែ​ជាប់​ក្មេង​ប្រុស​ឈ្មោះ ហ័​រ ដែល​ជា​ប្អូនមុន។​ ចំណែកឯ​ក្មេង​ប្រុស​ឈ្មោះ ហុង ដែល​ត្រូវជា​បង​ប្រុសជីដូនមួយ​ រហូត​ដល់​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ដដែល​នេះពុំ​ទាន់​រក​ឃើញ​នៅឡើយ​នោះទេ។ ទេីប​អ្នក​ភូមិ​ និងអជ្ញាធរបាន​នាំ​ត្រឡប់ទៅផ្ទះសិន​ រង់ចាំ​ថ្ងៃស្អែក​ទើប​រាវ​រកសពជនរងគ្រោះបន្ត​ទៀត៕

ដោយ​៖សហការី​


ចែករំលែក៖