ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រ សៀង ណាំ សូមចូលរួមសោកស្តាយចំពោះមរណភាពរបស់ប្អូន សាម សុខា !

ចែករំលែក៖

ខេត្តសៀមរាប៖ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងថា, ខ្ញុំសោកស្តាយចំពោះមរណភាពរបស់ប្អូន សាម សុខា ! ។

អ្នកតំណាងរាស្ត្រ សៀង ណាំ បានសំណេរថា, ខ្ញុំ និងភរិយាសូមចូលរួមសោកស្តាយចំពោះមរណភាពរបស់ប្អូន សាម សុខា (ហៅថៃ) កម្មករធ្វើផ្លូវប្រចាំអង្គភាពកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ផ្នែកបើកបរគ្រឿងចក្រ បានទទួលមរណភាពកាល នាវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ដោយរោគាពាធ ក្នុងអាយុ៤៤ឆ្នាំ។ 

ការទទួលមរណភាពរបស់ប្អូន សុខា បានបន្សល់នូវភរិយា និងកូនប្រុសម្នាក់ដែលត្រូវទទួលបន្ទុកសងបំណុលធនាគារចំនួន៥០០០ដុល្លាអាមេរិក ដោយកន្លងទៅប្អូនសុខា បានខ្ចីប្រាក់នោះមកសង់ផ្ទះតូចមួយ នៅស្រុកកំណើតនាទឹកដីខេត្តកំពង់ឆ្នាំង។ 

ដោយឃើញស្ថានភាពដ៏លំបាករបស់គ្រួសារសព  ខ្ញុំ និងភរិយាបានចូលរួមឧបត្ថម្ភថវិកាប្រាក់៥លានរៀល ក្នុងការជួយរៀបចំបុណ្យសព និងឧបត្ថម្ភថវិកាចំនួន៧០០០ដុល្លាអាមេរិក ដើម្បីសងបំណុលធនាគារអោយអស់ ព្រមទាំងជួយសម្រាប់ភរិយា និងកូនប្រុសនៃសព អាចកសាងជីវភាពថ្មី ក្នុងពេលនេះ និងពេលអនាគត។ 

ខ្ញុំ និងភរិយា សូមបួងសួងដល់វិញ្ញាណក្ខន្ធប្អូន សូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖