ក្រុងប៉ោយប៉ែត ៖ តាមសេចក្ដីរាយការណ៍ពីព័ត៌មានថៃកាលពីវេលាម៉ោង១និង៤៥នាទី ថ្ងៃទី១២កញ្ញា២០២១ម្សិលមិញថា ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់កូវីដ-១៩ កម្លាំងទាហានស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងនគបាលការពារព្រំដែនកងរយទី១២ បានឃាត់ខ្លួនក្រុមបុគ្គលលួចឆ្លងដែនចំនួន៨នាក់ ក្នុងនោះជនជាតិថៃ៦នាក់ ស្រី៣ប្រុស៣នាក់ នឹងបុរសជនជាតិចិន២នាក់ ខណៈកំពុងលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការកាស៊ីណូអនឡាញ ដោយសមត្ថកិច្ចចាប់ខ្លួនបាននៅបរិវេណភូមិណូន ម៉ាកមុន ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ។
សេចក្ដីរាយការបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ជនជាតិថៃប្រុស-ស្រីទាំង៦នាក់ មកពីតាមបណ្ដាខេត្ត ក្នុងប្រទេសថៃ ដោយឡែកបុរសជនជាតិចិន២នាក់ទៀត មានស្រុកកំណើតនៅខេត្តហ៊្វូ ចៀន ប្រទេសចិន។ ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចថៃបានសួរនាំជនជាតិថៃទាំង៦ នឹងជនជាតិចិន២នាក់ខាងលើ មានបំណងទៅធ្វើការកាស៊ីណូអនឡាញនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយការធ្វើដំណើរលើកនេះ ការចំណាយគ្រប់យ៉ាងគឺខាងក្រុមហ៊ុនជាអ្នកចេញ ដោយទាំង៨នាក់ជិះរថយន្តមកចុះនៅទីរួមស្រុកអារញ្ញ បន្ទាប់មកក៏មានរថយន្តធុនតូច២គ្រឿងទៅទទួល នឹងដឹកទៅចុះនៅបិវេណថ្នល់ក្រោយភូមិណូន ម៉ាកមុន ហើយក៏មានមេខ្យល់ជនជាតិខ្មែរនាំដើរតាមផ្លូវដីធ្វើកសិកម្ម តែត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបានមុន នឹងនាំទៅសួរនាំរកទិន្នន័យបន្ថែម នៅទីបញ្ជារការកងរយទី៤ នឹងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូងចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា