ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយកាំបិតទៅលើស្ត្រី៤នាក់និងកុមារម្នាក់នៅអុីតាលី

ចែករំលែក៖

កាលពីថ្ងៃទី១២ខែកញ្ញា កម្លាំងប៉ូលិសអុីតាលីបានចាប់ខ្លួនជនភៀសខ្លួនសូម៉ាលី ក្រោយពីប្រើកាំបិតចាក់ទៅលើមនុស្សស្រី៤នាក់ និងក្មេងអាយុ៦ឆ្នាំម្នាក់ ស្ថិតនៅក្នុងស្រុក Rimini កាលពីយប់ថ្ងៃទី ១១ខែកញ្ញា ។ ក្រុមជំនាញអុីតាលីកំពុងបើកការស្រាវជ្រាវខ្លាចក្រែងជាការវាយប្រហារភេរវកម្ម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអុីតាលី លោកស្រី Luciana Lamorgese បានវាយតម្លៃថា នេះជាការវាយប្រហារមានសភាពធ្ងន់ធ្ងរបំផុត ហើយលោកស្រីនឹងទៅកាន់ស្រុក Rimini ដើម្បីចូលរួមកិច្ចប្រជុំស្តីពីសន្តិសុខនៅថ្ងៃទី១៣ ខែកញ្ញា។
គណបក្សសម្ព័ន្ធភាពចូលរួមបង្កើតរដ្ឋាភិបាលនៅអុីតាលី បានស្នើដល់ក្រសួងមហាផ្ទៃត្រូវតែអនុវត្ត គោលនយោបាយតឹងតែងបំផុតចំពោះជនអន្តោប្រវេសន៍ ដើម្បីបញ្ចៀសការវាយប្រហារកើតឡើង។
ជនដៃដល់មានអាយុ២៦ឆ្នាំ ទើបតែបានមករស់នៅក្នុងប្រទេសអុីតាលីប៉ុន្មានខែប៉ុណ្ណោះ បានដាក់លិខិតសុំភៀសខ្លួន។ ជនជាតិសូម៉ាលីរូបនោះបានមករស់នៅក្នុងតំបន់អឺរ៉ុប តាំងពីឆ្នាំ២០១៥ ហើយធ្លាប់បានដាក់លិខិតសំុភៀសខ្លួននៅក្នុងប្រទេសដាណឺម៉ាក ស៊ុយអែត ហុល្លង់ និងអាល្លឺម៉ង់៕

ដោយ៖ធីរីណា(រូបថត៖ AP)


ចែករំលែក៖