ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកែប អញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ

ចែករំលែក៖

ខេត្ត​កែប​៖​ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ នៅព្រឹកទី១៣  ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំងឆ្ពោះទៅផ្លូវជាតិលេខ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប​។ 

ក្នុងពិធីបើកការដ្ឋាននាឱកាសនោះមានវត្តអញ្ជេីញចូលរួមដូចជា៖សមាជិក​ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត  តំណាងកងកំលាំងទាំងបី​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការសាលាខេត្ត​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្រី​ អភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ  និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រនៃការអភិវឌ្ឍន៍នេះផងដែរ។ 

នាឱកាសនោះ​មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការបេីកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដេីម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វេីដំណេីរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការ ចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែប របស់យេីងផងដែរ។

លោកអភិបាលខេត្ត​ បានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងឆាប់រហ័ស និងងាយស្រួល។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ ក៏បានផ្តាំផ្ញេីរដល់អាជ្ញាធរក្នុងមូលដ្ឋាន  ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា​ ថែរក្សា​ និងដាំដើមឈើ នៅតាមបណ្ដោយផ្លូវនេះ​ ដេីម្បីបង្កេីតនូវសោភ័ណភាព​ និងជាប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ។​ ជាមួយគ្នានេះ​លោកអភិបាលខេត្ត​ ក៏បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​ ឪពុកម្ដាយ​ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ​ ដល់អាយុក្រោម១៨ឆ្នាំ​ ចុះក្រោម​ សូមនាំកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ អោយបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ​ ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕

ដោយ​៖សហការី​


ចែករំលែក៖