ភ្នំពេញ ៖ ករណីវាយគ្នាទៅវិញទៅមកទីបំផុតបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងម្នាក់ទៀតដែលជាគូបដិបក្ខបានរងរបួសធ្ងន់ចំក្បាល។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្ទះលេខ៥៦Eo ផ្លូវលេខ១០៩ ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ ៧មករា។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ បានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងម៉ាស៊ីនដើម្បីនាំយកទៅធ្វើការសាកសួរ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ចំក្បាលឈ្មោះ MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវលេខ១០៩ ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានដកហូតនូវសម្ភារដែលជាវត្ថុតាងមាន ដែកទាញបិទទ្វារផ្ទះចំនួន១ ពីជនសង្ស័យ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានករណីហិង្សាវាយគ្នាទៅវិញទៅមកខាងលើនេះគឺបណ្ដាលមកពីទំនាស់គ្នារវាងអ្នកនៅខាងលើនិឹងអ្នកនៅខាងក្រោម ដោយអ្នកនៅផ្ទះខាងលើតែងតែចតឡាននៅមុខផ្ទះអ្នកនៅខាងក្រោមនៅពេលដែលខ្លួនឡើងផ្ទះ និងមានការប្រាប់ពីអ្នកខាងក្រោមជាច្រើនលើកជាច្រើនសា តែភាគីផ្ទះខាងលើដែលជាជនបរទេសមិនព្រមស្ដាប់ទើបបណ្ដាលឱ្យកើតហេតុវាយគ្នាតែម្ដង។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស សម