ព័ត៌មានទាន់ហេតុការណ៍៖

លោកជួនណារិន្ទបញ្ជាឱ្យកងកម្លាំងអន្តរាគមន៍ពិសេសស្រុកស្ទឹងហាវ ចុះធ្វេីការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង)​ ស្ថិត​នៅឃុំទំនប់រលក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តបតាមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆែ សាលីដេន ជាអធិការរងអន្តរាគមន៍ពិសេស និងលោក វរសេនីយ៍ត្រី កែវ រឿន ជាជំនួយការ បានដឹកនាំកម្លាំងចុះធ្វេីការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលស្ថិតនៅក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ 

ក្នុងប្រតិបត្តិការខាងលើជាលទ្ធផល កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានជួយជម្លៀសប្រជាពលរដ្ឋនឹងជួយជញ្ជូនសំភារៈប្រើប្រាស់របស់ពួកគាត់ មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ។ 

សូមបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែរ​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១៥ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នៅព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើប្រទេសភូមា,ថៃ,ឡាវ និងវៀតណាម ។នៅថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។

ក្នុងស្ថានភាពបែបនេះធ្វើឲ្យ៖

១-បណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល:

-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សាសេ

-អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ក្រាក់ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត:

-សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣១-៣៣ អង្សាសេ

-អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ:

-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សាសេ

-អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖