ខេត្តក្រចេះ ៖ លោកហេង ថែវ ប្រធានក្រុមប្រតិបត្តិយុវជនការពារសន្តិភាព បានដឹកនាំក្រុមការងារយុវជនការពារសុវត្ថិភាពខេត្តក្រចេះ ចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌ទៅចែកជូនដល់ជនរងគ្រោះ ដោយសារភ្លើងឆេះផ្ទះ និងចាស់ជរាចំនួន១២នាក់។ អញ្ជើញអមដំណើរក្នុងឱកាសនោះដែរមានលោកសូម សារឹទ្ឋ អភិបាលស្រុកសំបូរ លោកជំទប់ឃុំទី១ និងលោកមេភូមិ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
តាមលោកសូម សារឹទ្ឋ អភិបាលស្រុកសំបូរ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម ភត្ត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ បានរងគ្រោះដោយសារភ្លើងឆេះបណ្តាលមកពីគាត់បង្កាត់ភ្លើង យកដបសាំងមកចាក់ជិតស្មានតែប្រេងម៉ាស៊ូត ទើបធ្វើឲ្យឆាបឆេះតែម្តង នៅឯផ្ទះចាំស្រែរបស់គាត់ គ្មានអ្នកជួយធ្វើឲ្យគាត់ឆាបឆេះពេញខ្លួន។
លោកអភិបាលស្រុកបានបន្តថា ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារក៏បានដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុក។ ក្រោយមកក៏បានក្រុមការងារកាកបាទក្រហមកម្ពុជាស្រុក និងសប្បុរសជននាំយកអំណោយទៅចែកជូនជនរងគ្រោះ និងអំណោយរបស់លោកស្រីហឹង ណារី វ៉ាថន ភរិយាអភិបាលខេត្តក្រចេះ ចំនួន៥៥០ដុល្លារ និងលុយខ្មែរ៧ម៉ីនរៀល និងលើកនេះជាអំណោយសប្បុរសធម៌តាមរយ:លោកហេង ថែវ ប្រធានក្រុមយុវជនការពារសន្តិភាព របស់សម្តេចតេជោនៃព្រះរាជាណាចក្រកម្ពុជា សរុប៣លើកហើយ។
ក្នុងឱកាសនោះផងដែរលោកហេង ថែវ ប្រធានក្រុមការងារយុវជនការពារសន្តិភាពដែលជាសសរទ្រូងយុវជនគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នេះជាអំណោយបន្តិចបន្តួចរបស់សប្បុរសជនផ្ទាល់របស់ក្រុមការងារយុវជនការពារសន្តិភាព យកមកចែកជូនដល់ជនរងគ្រោះដោយសារ គ្រោះថ្នាក់ភ្លើងឆេះ ធ្វើឲ្យភ្លើងឆាបឆេះផ្នែកខាងមុខគាត់ស្ទើរតែទាំងស្រុង។អំណោយដែលយកមកចែកជូននេះរួមមាន អង្គរ៥០គីឡូក្រាម, ទឹកសុទ្ធ៤យួរ, មី១កេស, ត្រីខ១យួរ, ថវិកា៣០ម៉ីនរៀល និងចុះសួរសុខទុក្ខដល់លោកតាលោកយាយចាស់ជរា ដោយយកអំណោយមកចែកជូនពួកគាត់១២នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ីនរៀលផងដែរ។ ជាមួយគ្នានោះលោកបានពាំនាំនូវការផ្តាំផ្ញើរបស់លោកសូរ រតនៈ ប្រធានយុវជនការពារសន្តិភាពថ្នាក់កណ្តាល ដើម្បីដាស់តឿនក្រើនរំលឹកដល់គុណថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ក្រោមការដឹកនាំដ៏វៃឆ្លាត របស់គណបក្សប្រជាជនកម្ពុជា និងជាម្លប់ដ៏ត្រជាក់ «ទីណាមានទុក្ខទីនោះមានវត្តមានសម្តេចទាំងទ្វេ និងមានអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះគឺដោយសារតែគណបក្សប្រជាជនកម្ពុជា»៕
ដោយ៖ មាស សុផាត