ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងអំពាវនាវដល់ប្រទេសចិនជួយគាំទ្រដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នាថ្ងៃទី១៥ ខែកញ្ញាក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានបង្ហាញពីក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តគាំទ្រដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េខាងជើង ។
មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា គ្នានោះ ប្រធានាធិបតី មូន ជេអុីន បញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងខិតខំជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានប្រទេសចិនផងដែរ ដើម្បីបន្តគោលដៅមិនរីកសាយភាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ»។ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញជំនឿចិត្តលើទំនាក់ទំនងយុទ្ធសាស្ត្ររវាងទីក្រុងសេអ៊ូលនឹងទីក្រុងប៉េកាំងកាន់តែប្រសើរឡើង ។
ជំនួបពិភាក្សារវាងប្រធានាធិបតីមូនជេអុីន នឹងរដ្ឋមន្ត្រីការបរទេសចិនវ៉ាង យី កើតឡើងចំពេលដែល កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបពីរគ្រាប់ចូលក្នុងតំបន់សមុទ្រប្រទេសជប៉ុន ។
យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតនោះទេ ខណៈយោធាជប៉ុនក៏បានអះអាងដែរថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះអាចជាប្រភេទមីស៊ីលបាលីស្ទិក។

ចំណែកសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអង្គារទី១៤ ខែកញ្ញាកន្លងមកបានផ្សាយថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលនាំផ្លូវដែលគេតែងហៅថា (cruise missile) ប្រកបដោយជោគជ័យ ។
តាម KCNA គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រនៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំឡុងខែមីនា ឆ្នាំ២០២១៕(ដោយ៖ ធីរីណា)

រូបថត៖ AFP/VNA

ប្រភព៖ AFP


ចែករំលែក៖