ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុរខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្តដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។
នេះបេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមថា បេីតាមលោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងជួសជុលនេះមានប្រវែងសរុប២០០ម៉ែត្រដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។
សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអុីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕
ដោយ៖សហការី(ប្រភពព័ត៌មានពី៖នាយកដ្ឋានផ្សព្វផ្សាយ)