ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ លោកបានដឹកនាំក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ កាលពីរសៀលម្សិលមិញ ដោយចុះត្រួតពិនិត្យ និង វាយតម្លៃនូវសាលា ACE សាខាចាក់អង្រែ និង សាខា អន្តរជាតិភ្នំពេញ ISPP ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានស្នើសុំបើកដំណើការឡើងវិញ នៅព្រឹកថ្ងៃនេះ។
ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថា នាយកគ្រប់គ្រងសាលា ត្រូវគោរពតាមសេចក្ដីជូនដំណឹង លេខ ០៧៣/២១ សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ។ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសាលាគម្បីអនុវត្តដូចខាងក្រោម ៖
– គណៈគ្រប់គ្រងសាលា និង លោកគ្រូ អ្នកគ្រូ បុគ្គលិក អនាម័យ សន្តិសុខ អ្នកពាក់ពន្ធ័ ត្រូវយកសំណាកទាំងអស់ ។
-គណៈគ្រប់គ្រងសាលា ត្រូវពិនិត្យមើល សិស្សានុសិស្ស បានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ហើយឬនៅ ។
– សាលាត្រូវរៀបចំអោយមាន ប្រដាប់វាស់កំដៅ អាល់កុល ឬ ជែល និង សម្រាប់សិស្សានុសិស្ស ។
– គណៈគ្រប់គ្រងសាលា ត្រូវធ្វើការណែនាំ អាណាព្យាបាលសិស្ស ត្រូវពាក់ម៉ាស់ពេលមកសាលារៀន ។
– គណៈគ្រប់គ្រងសាលា មិនត្រូវ អោយមានអាហារដ្ឋានក្នុងសាលាជាដាច់ខាត ត្រូវណែនាំអាណាព្យាបាលសិស្ស វេចខ្ចប់អាហារសម្រន់ មកពីផ្ទះរួចជាស្រេច ។
– ត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល ។
– គណៈគ្រប់គ្រងសាលា និង លោកគ្រូ អ្នកគ្រូ ត្រូវរាយការណ៍មកមូលដ្ឋានខណ្ឌ ជាបន្ទាន់ ប្រសិនបើសង្ស័យពីអាការះ សិស្សដែរមានសញ្ញាណាមួយពាក់ពន្ធ័ប្រភេទជំងឺ កូវីដ -១៩ ឬប្រភេទDelta ។
– គណៈគ្រប់គ្រង សាលាត្រូវរៀបចំបន្ទប់ សង្គ្រោះបន្ទាន់ សំរាប់ជួយសង្គ្រោះ សិស្ស នៅពេលមានសញ្ញាសង្ស័យ៕
ដោយ៖សហការី