ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម៖​ ជម្រុញដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរសាលារៀនឡើងវិញ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះថា៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេស ថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរសាលារៀនឡើងវិញ ។ ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»   

ចំពោះ​ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស ដែលលោកអភិបាលខេត្ត អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយក្មួយៗ  សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា ផ្ដាំផ្ញើការសួរសុខទុក្ខ ដល់ក្មួយៗសិស្សានុសិស្ស ដែលបានទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បី លើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់គ្នាៗ និងចូលរួមការពារ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងតួនាទីរបស់ខ្លួន ជាពិសេស នាអំឡុងពេលបង្រៀន និងពេលសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ  រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១ ។ 

ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ផងដែរ ៕ដោយ​៖សហការី​

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


ចែករំលែក៖