ភ្នំពេញ៖ ម៉ូតូសណ្តោងរុឺម៉កបើកចុះពីលើស្ពានអាកាស៧មករាក្នុងល្បឿនយ៉ាងលឿនចាប់ហ្រ្វ័ងមិនស៊ីជ្រុលទៅបុករថយន្តឡិចស៊ីស RX400hដែលកំពុងបើកបត់បណ្តាលឱ្យរងការខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយវិថីកម្ពុជាក្រោមកែងផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX400hមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-9565ធ្វើដំណើរតាមបណ្តោយវិថីកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុបានស៊ីញ៉ូបត់ឆ្វេង ហើយពេលបើកបានពាក់កណ្តាលផ្លូវក៏ស្រាប់តែមានម៉ូតូសណ្តោងរឺុម៉កមួយគ្រឿងបើកចុះពីលើស្ពាន៧មករាតាមបណ្តោយវិថីកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនចាប់ហ្រ្វ័ងមិនស៊ីក៏ជ្រុលចង្កូតទៅបុករះចំទ្វារក្រោយនិងទ្វារមុខបណ្តាលឱ្យរថយន្តរងការខូចខាតមួយចំហៀងផ្នែកខាងស្តាំយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្តោងរុឺម៉កទាំង២គ្រឿងដាក់អែបចិញ្ចើមផ្លូវដើម្បីឱ្យគាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ៕
ដោយ ៖ រ៉ារ៉ា