ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកស្រាវជ្រាវបង្ហាញមុខអ្នកច្រៀងបទ”ជំនោរដើមខែ” ក្រោយផ្ទុះរឿងចម្រូងចម្រាស

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះលេចចេញករណីនៃការបញ្ចេញសារពីសំណាក់អ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញការផលិតបទចម្រៀង “ជំនោរដើមខែ” ដោយមិនបានដាក់ឈ្មោះម្ចាស់ដើមដោយ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជន។ ពេលនេះក្រុមអ្នកស្រាវជ្រាវខាងប្រវត្ដិសិល្បករ-សិល្បការិនីខ្មែរមួយក្រុមគឺក្រុមព្រះសុរិយាបានបញ្ជាក់ហើយគឺបទ”ក្រមុំស្រុកស្រែ”គឺមានម្ចាស់សំនៀងដើមរបស់អ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។

ក្រុមខាងលើរកឃើញរូបថតដ៏ស្រស់ផូរផង់របស់ម្ចាស់សំនៀងដើមបទ”ក្រមុំស្រុកស្រែ” ឬ”ជំនោរដើម” គឺលោកស្រី ម៉ម សុខា។ ក្រុមលោកបានទទួលអំណោយដ៏ពិសេសនេះ ពីលោក អេង កេងឈុន ប្រធាននាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជារបស់ក្រសួងព័ត៌មានដែលបានរក្សាបទនេះទុក។ គេហទំព័រផ្លូវការរបស់ក្រុមស្រាវជ្រាវខាងលើបានបញ្ជាក់ថា៖ ”ជយោ! ទីបំផុតក្រុមព្រះសុរិយា រកឃើញរូបថតលោកស្រី ម៉ម សុខា អ្នកចម្រៀងដ៏ល្បីល្បាញកាលពីទស្សវត្ស៨០ហើយ! នៅពេលនេះ មានមហាជនច្រើនណាស់ ចង់ឃើញភក្ដ្រា នៃតារាចម្រៀងលោកស្រី ម៉ម សុខា ដែលជាម្ចាស់ដើមបទ”ជំនោរដើមខែ”។ក្រុមអ្នកស្រាវជ្រាវដដែលបានបញ្ជាក់ថា បទ”ក្រមុំស្រុកស្រែ” ឬ”ជំនោរដើមខែ” ត្រូវបានច្រៀងដំបូងគេដោយលោកស្រី ម៉ម សុខា និពន្ធ និងផលិតដោយក្រុមតន្ដ្រីវិទ្យុជាតិកម្ពុជា ចេញផ្សាយក្នុងឆ្នាំ១៩៨៣ នាសម័យសាធារណៈរដ្ឋប្រជាមានិត។រីឯបទ”ជំនោរដើមខែ” ដែលច្រៀងឡើងវិញដោយតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងសម័យបច្ចុប្បន្ន ហើយមានការជជែកវែកញែកគ្នាច្រើននៅលើបណ្ដាញសង្គមអំពីដើមទង នៃបទចម្រៀង១បទនេះ គឺត្រូវបានគេយកមកសម្រួលបទភ្លេង និងទំនុកច្រៀងខ្លះ ដើម្បីឲ្យត្រូវទៅនឹងបរិបទសង្គម។ បទ”ក្រមុំស្រុកស្រែ” ឬជំនោរដើមខែ”ដែលចម្រៀងដោយ ម៉េង កែវពេជ្ជតា គេឃើញកែទំនុកច្រៀង ឬប៉ារូខ្លះពីបទរបស់អ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។ បទក្រោយនេះ និពន្ធបទភ្លេងដោយលោក ម៉ម វីរដ្ឋា សម្រួលតន្ដ្រីជាថ្មីដោយ ឯល ប៉ុណ្ណា និងប្រគុំដោយក្រុមតន្ដ្រីឆ្លងដែន ហើយច្រៀងដោយ ម៉េង កែវពេជ្ជតា៕

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖