ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ៧មករា បានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវដែលអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌ៧មករា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវ០១ខែ្សនៅក្នុងខណ្ឌ៧មករាដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងឱ្យមានរបៀបរៀបរយឡើងវិញ នៅគ្រាដែលអាជីវករមួយចំនួននៅតែចចេសរឹងរូសបន្តយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភណភាពទីក្រុង ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះផ្សព្វផ្សាយអប់រំនិងទុកពេលវេលាជាច្រើនថ្ងៃឱ្យអាជីវកររុះរើដោយខ្លួនឯងហើយនោះ។ 

 លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់បានប្រាប់ឱ្យដឹងថា កិច្ចការងារចុះពង្រឹងអនុវត្តរឹតបន្តឹងលើការងារសណ្តាប់ធ្នាប់នេះគឺកម្លាំងសមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងយុទ្ធនាការចុះរឹតបន្តឹងពង្រឹងអនុវត្តការងារដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ 

 លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ផ្លូវ០១ខែ្សនេះដែលកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចបានចុះរៀបចំសម្អាតឱ្យមានរៀបរៀបរយនិងមានសោភណភាព ក្នុងនោះក៏បានឱ្យអាជីវករដែលបានតាំងលក់ទំនិញ បន្លែផ្លែឈើលើទ្រូងផ្លូវ ត្រូវរុះរើយកទៅលក់នៅក្នុងផ្សារក្បែរនោះ។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះផងដែរមិនមានបាតុភាពតវ៉ាណាមួយពីបងប្អូនអាជីវករនោះទេ ដោយពួកគាត់នាំគ្នាចូលរួមសហការជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ពីព្រោះអាជ្ញាធរកន្លងមកបានចុះអប់រំធ្វើកិច្ចសន្យានិងទុកពេលវេលាឱ្យពួកគាត់រុះរើដោយខ្លួនឯងម្តងរួចមកហើយ។ 

 លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងទៀតថា នៅចំណុចផ្លូវ០១ខ្សែខាងលើគឺបានរងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់បងប្អូនអាជីវករជាយូរមកហើយ ដែលតែងតែរងការកកស្ទះចរាចរណ៍និងបាត់បង់សោភណភាពទីក្រុង។ លើកនេះគឺការអនុវត្តតឹងរឹុងមិនបណ្តោយឱ្យអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មទៀតនោះឡើយ ក្នុងនោះក៏បានប្រគល់ឱ្យអាជ្ញាធរសមត្ថកិច្ចខណ្ឌ៧មករាចុះត្រួតពិនិត្យគ្រប់គ្រងជាប្រចាំដើម្បីទប់ស្កាត់កុំឱ្យមានការដាក់លក់ទំនិញសាជាថ្មីទៀត ។បើក្នុងករណីអាជីវករលួចលាក់បន្តមកធ្វើអាជីវកម្មលើទ្រូងផ្លូវនេះទៀត សមត្ថកិច្ចមិនយោគយល់ទៀតឡើយគឺត្រូវតែផាកពិន័យតាមច្បាប់តែម្តង។ 

 លោកវរសនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់បានបញ្ជាក់ថា ជុំវិញការរឹតបន្តឹងសណ្តាប់ធ្នាប់នេះផងដែរ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយនឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ដើម្បីចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ។  ក្នុងនោះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុង រាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។ 

 សូមបញ្ជាក់ថា កាងារពង្រឹងសណ្តាប់ធ្នាប់សាធារណៈនេះដែរកាលពីកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកក៏បានចុះទៅរៀបចំនិងដោះស្រាយសណ្តាប់ធ្នាប់តាមដងវមហាវីថិម៉ៅសេទុង និងចំណុចផ្លូវចូលផ្សារនាគមាស ក្នុងខណ្ឌទួលគោក ដែលគោលដៅនេះមានការឈប់ចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្ម ពីសំណាក់បងប្អូនអាជីវករ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖