ខេត្តកំពង់ចាម+កំពង់ធំ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឱ្យកម្លាំងសមត្ថកិច្ចនគរបាល ខេត្តកំពង់ចាមពន្លាតប្រតិបត្តិការបង្ក្រាបតាមចាប់មុខសញ្ញាចោរលួចគោប្រជាពលរដ្ឋចំនួន២នាក់ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលនៃខេត្តកំពង់ធំ ក្នុងនោះចាប់យកកាំភ្លើងវែងចំនួន០១ដេីម ធុនAKស្វាយបត់, បង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់ ។ ដោយឡែកបក្ខពួកចំនួន០៣នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ។
កិច្ចសហប្រតិបត្តិការនេះចូលរួមដោយ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកម្លាំជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមដែលបានដាក់ចេញនូវផែនការបង្កេីតកិច្ចសហការចុះស្រាវជ្រាវបង្ក្រាបករណីរលួច(សត្វគោ) កេីតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦ និង00នាទី ទៅវេលាម៉ោង០៤ និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលនៃខេត្តទាំងពីរសហការគ្នា
ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតមក គឺជាលទ្ធផលយើងកំណត់មុខសញ្ញាបាន ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមមាន ៖
១-ឈ្មោះហ៉ឹម លីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលាវ ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២-ឈ្មោះឌី សូវុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងដកហូតវត្ថុតាងរួមមាន ៖ សត្វគោឈ្មោលចំនួន០២ក្បាល សម្បុរ.ស (ជាសត្វគោដែលបានលួចពីជនរងគ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម) ព្រមទាំងអាវុធវែងចំនួន០១ដេីម ធុនAK ស្វាយបត់, បង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស
ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ដោយឡែកបក្ខពួកចំនួន០៣នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនតទៅទៀត ៕
ដោយ ៖ វណ្ណ: