ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូស៊ុយហ៊្សុយគីនិច របស់ប្រជាពលរដ្នរួចមកត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤៥នាទី ត្រង់ចំណុចផ្ទះជួលលេខ៣០៧ ផ្លូវលេខ១០៣ ក្រុមទី៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះថាន ធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាអ្នកបម្រើហាងលក់សាច់អាំង ស្នាក់នៅបន្ទប់ជួលនៃផ្ទះលេខ៣០៧ ក្នុងក្រុម៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ និត សុផារដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។
ចំពោះសម្ភារដកហូតវិញមាន កូនសោចំនួន០៤(សោម៉ូតូ០១មិនទាន់ឆាបសម្រាប់ឆ្កឹះ), ម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ផា្កឈូកលាយស(ស៊េរីឆ្នាំ២០១៩) ពាក់ស្លាកលេខភ្នំពេញ1HF-9947 (របស់ជនរងគ្រោះ)។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ខែ ឆ្នាំខាងលើ។ ម៉ូតូដែលជនសង្ស័យលួចនេះ គឺជនរងគ្រោះបានទុកនៅមុខបន្ទប់ជួលត្រង់ចំណុចកេីតហេតុខាងលេី រួចហើយក៏ដើរចេញពីបន្ទប់ស្រាប់តែមានជនសង្ស័យមា្នក់បានមកបណើ្តរម៉ូតូចេញពីមុខបន្ទប់ដែលជនរងគ្រោះចតទុក។ ពេលនោះម្ចាស់ម៉ូតូឃើញក៏ស្រែកថាចោរៗផ្អើលដល់អ្នកជិតខាងជួយដេញ ស្របពេលកម្លាំងប៉ុស្តិ៍កំពុងល្បាតនៅក្បែរនោះឃើញក៏ធ្វើអន្តរាគមន៍រហូតឃាត់ខ្លួនជនសង្ស័យបាននាំយកទីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីណា