ក្នុងពេលសាលាបឋមសិក្សាទាំងអស់នៅអាមេរិកបានបើកទ្វារដំណើរការឡើងវិញ មន្ត្រីជាច្រើនរូបនៅក្នុងប្រទេសនេះបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីដែលតាទៅលើកុមារដែលមិនទាន់បានចាក់វ៉ាក់សាំង ។
ការឆ្លងកូវីដ-១៩ ទៅលើកុមារ អាមេរិក កើតឡើងក្រោយសិស្សចូលរៀនវិញ ហើយសាលាជាច្រើនមិនបានបង្ខំឲ្យសិស្សពាក់ម៉ាស់ទាំងអស់នោះឡើយ ។ តាមរបាយការណ៍ បង្ហាញឱ្យឃើញថា ក្នុងមួយសប្តាហ៍ៗ មានករណីឆ្លងកូវីដ-១៩ ចំនួន 243.373 នាក់ កើនឡើងដល់ទៅ ២៤០% ចាប់តាំងពីខែកក្កដាកន្លងមក។ តាមសមាគមពេទ្យកុមារអាមេរិកបានលើកឡើងថា បើទោះបីករណីឆ្លងកូវីដ-១៩ ទៅលើកុមារមិនសូវធ្ងន់ ប៉ុន្តែយើងចាំបាច់ត្រូវតែបង្កើនសកម្មភាពការពារសុខភាពកុមារក្នុងពេលយូរអង្វែង។
មកទល់ពេលនេះ មានកុមារជាង ៥លាននាក់ហើយនៅអាមេរិក បានឆ្លងកូវីដ-១៩ ចាប់តាំងពីការផ្ទុះកូវីដ-១៩ ស្មើនឹង១៥,១% នៃករណីឆ្លងសរុបនៅអាមេរិក។ តាមមជ្ឃមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា មានកុមារអាមេរិកចាប់ពីអាយុ១២-១៧ឆ្នាំ បានទៅចាក់វ៉ាក់សាំងនៅតិចជាងក្រុមអាយុពី១៨ឆ្នាំឡើង។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅអាមេរិក ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៦៤,៥០៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,២៨២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ ៤២,៤៧៩,៧៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៨៥,០២៣នាក់ និងជាសះស្បើយកើនឡើងសរុប ៣២.២៧លាននាក់។
ជាមួយគ្នានេះដែរអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសបានកើនឡើងខ្ពស់ភាគច្រើនទៅលើអ្នកមិនទាន់ចាក់វ៉ាក់សាំង។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨១លានដូស ក្នុងនោះប្រជាជន ២០៩.៩៨លាននាក់ (៦៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៧៩.២៩លាននាក់ (៥៤.៦%) បានទទួលការចាក់គ្រប់ចំនួនពីរដូស៕(ដោយ៖ធីរីណា)
រូបថត៖AP/TTXVN.