ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យ ០២នាក់ ជាមេខ្យល់ដឹកជញ្ជូនពលរដ្ឋខ្មែរ ច្រើននាក់លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ នៃ វរសេនាតូចលេខ៩១១ ខណ:ដែលកំពុងធ្វើការល្បាតត្រួតពិនិត្យ និង ក្តាប់សភាពការណ៍ ដើម្បីទប់ស្កាត់ការលួចឆ្លងដែន ដោយខុសច្បាប់ សំដៅរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏បានប្រទះឃើញម៉ូតូចំនួន០២គ្រឿង ដឹកពលរដ្ឋខ្មែរ ចំនួន០៤នាក់ ស្រី០១នាក់ កុមារ០១នាក់ ដែលមើលទៅគួរឲ្យសង្ស័យ ក៏ឃាត់សួរនាំទើបដឹងថាពួកគេលួចឆ្លងដែនខុសច្បាប់ទៅថៃ។

ការឃាត់ខ្លួនជនសង្ស័យទាំងនេះប្រព្រឹត្តទៅនាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងក្រោយខាងក្រោយវត្តពុទ្ធភូមិជាយដែនសីមារាម ហៅ វត្តព្រៃព្រិច ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះដូចខាងក្រោម ៖

១/-ឈ្មោះ ផា សិរីរ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ជាអាជីវករផ្សាររោងក្លឿ (ប្រទេសថៃ) មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី២/-ឈ្មោះ អេត ផេងអាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអាជីវករផ្សាររោងក្លឿ (ប្រទេសថៃ) មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៣/-ឈ្មោះ កែវ ប្រុស ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករផ្សាររោងក្លឿ (ប្រទេសថៃ) មានទី លំនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

៤/-ឈ្មោះ ធី សម្បតិ ភេទ ប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកទាំង០៤នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់មានបំណងឲ្យក្រុមមេខ្យល់ជូន ឆ្លងដែនចូលទៅប្រទេសថៃដើម្បីធ្វើពលករ។ចំណែកជនសង្ស័យជាអ្នកដឹកជញ្ជូន មានឈ្មោះដូចខាងក្រោម៖ ១/-ឈ្មោះ ផុន សុហុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរដោយម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1R-1669។

២/-ឈ្មោះ ប្រាក់ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បើកបរដោយម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G 6182 ខណៈដែលអ្នកទាំង០២នាក់នេះ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនមនុស្សបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ មកកម្លាំងបានបន្តស្រាវជ្រាវតាមរយៈទូរស័ព្ទដៃចំនួន០២គ្រឿង ហើយក្នុងទូរស័ព្ទនោះមានសារ ជាសំឡេងឆ្លើយឆ្លងគ្នា តាមប្រព័ន្ធMessenger អំពីរឿងនាំមនុស្ស លួចឆ្លងដែនដោយខុសច្បាប់ក៏ឃាត់ខ្លួនតែម្តង។ 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៥ ខែឆ្នាំដដែល នៅវេលាម៉ោង០៧:៣០នាទីព្រឹក កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ ករណីនាំមនុស្សលួចឆ្លងដែនដោយខុសច្បាប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ និង បក្ខពួកចំនួន០៣នាក់ទៀត ជាបន្តបន្ទាប់ ដែលមានឈ្មោះដូចខាងក្រោម ១/ឈ្មោះ វ៉េត សារុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិប្រជាធម្ម កើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២/ឈ្មោះ កែវ សេរី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៣/ឈ្មោះ លី ប៊ុនថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 ជនសង្ស័យទាំង០៣នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅទីបញ្ជាការវរៈការពារព្រំដែនគោកលេខ៩១១ ដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖