ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្តស៊េរីទំនើបកំពុងឈប់ភ្លើងស្តុបពីក្រោយ​បណ្តាលឲ្យរងការខូចខាត​ រួចសង១.៨០០$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន​ ហេីយជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុប​ពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូនេះបោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសយ៉ាងដំណំ​ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបប៉ុស្តិ៍ទឹកល្អក់៣  តាមបណ្តោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកវ៉ុលវ៉ូ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BP-5599 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២​ក្នុងទិសដៅពីលិចទៅកើត​។ លុះបើកមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២៥៣ ក៏បានឈប់រង់ចាំភ្លើងខៀវ ខណ:នោះក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកPCX មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GY-3091ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តវ៉ុលវ៉ូពីក្រោយពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបោកផ្ទប់ទៅនឹងកញ្ចក់រថយន្តផ្នែកខាងក្រោយរងការខូចខាត និងរងរបួសយ៉ាងដំណំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខខ្លាំងផងដែរ​ ។ 

    ក្រោយកើតហេតុ​ ជនរងគ្រោះខាងភាគីម៉ូតូត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួស​នៅឯមន្ទីរពេទ្យ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យតំណាងខាងម៉ូតូបង្កធ្វើការសម្របសម្រួលគ្នាជាមួយម្ចាស់រថយន្ត  ហើយខាងភាគីម៉ូតូបានចេញសំណងចំនួន១,៨០០ដុល្លារឲ្យទៅខាងភាគីរថយន្តដើម្បីបញ្ចប់រឿង​តែម្តង ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖