ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធាន គ.ជ.គ.ម.នាំយកឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ លេខ៧២៤ កងពលតូចអន្តរាគមន៍លេខ១៤។
សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ លេខ៧២៤ កងពលតូចអន្តរាគមន៍លេខ១៤ ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា, កន្លងទៅប្រមាណ៤ថ្ងៃនេះ លោក គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់អាវពោងចំនួន ២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមជម្រាបថា,សម្ភារៈសង្គ្រោះគ្រោះមហន្តរាយខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ៕
ដោយ ៖ សិលា