ភ្នំពេញ៖ នៅក្នុងការធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣ ។
ឆ្លើយនឹងសំណួរពាក់ព័ន្ធប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើង អាចនឹងចាក់វ៉ាក់សាំងដូសទី៤ បន្តទៀតបានឬទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដូសទី៤ ចាក់បានឬមិនបាន គឺវាអាស្រ័យលើការវិវត្តជាក់ស្តែង និងប្រសិទ្ធភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងសន្និសីទកាសែតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតដល់ថ្ងៃនេះ សាលារៀនចំនួន២៦៤១ ហើយ ដែលបានបើកដំណើរការបង្រៀនឡើងវិញ នៅទូទាំងប្រទេស ដោយក្នុងនោះថ្នាក់មតេយ្យ ចំនួន៥៣ បឋមចំនួន១៥០០ អនុវិទ្យាល័យចំនួន៧១៦ និងវិទ្យាល័យចំនួន២៧២សាលា៕
ដោយ៖ សុខ ខេមរា