ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានសត្វត្រយ៉ងចង្កំក.ស និងសត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានអ្នកស្រាវជ្រាវចុះប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាព

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានចុះសិក្សាស្រាវជ្រាវទីតាំងទ្រនំ និងធ្វើជំរឿនត្រយ៉ងចង្កំក.សនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះបានប្រទះឃើញទីតាំងទ្រនំត្រយ៉ងចង្កំក.សចំនួន ៣កន្លែង ដែលមានសត្វត្រយ៉ងចង្កំកសចំនួន ១១ក្បាល និងបានឃើញកុកពាក់អំបោះចំនួន៤ក្បាល ។

សត្វត្រយ៉ងចង្កំក.ស  មានសម្បុរក្រមៅជាង (ត្រយ៉ងយក្ស) ហើយភ្លឺរលោងជាងបន្តិច។ដោយនៅលើស្លាបរបស់វាមានពណ៌ខៀវផ្លេកតិចៗ ដូចស្លាបកំភេម និងខ្លះមានបង្ហាញពណ៌ស ១ដុំតូច នៅលើគុម្ពស្លាប (តាមការអង្កេតភាគច្រើនឃើញមានលើសត្វឈ្មោល ឬសត្វវ័យចំណាស់ៗ)។រីឯលក្ខណ:ពិសេសបំផុតរបស់វានោះ គឺមានពណ៌ស ១កង់ នៅព័ទ្ធជុំវិញ-ក ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងកបន្តិច ដែលមានសណ្ឋាន ឬលក្ខណ:ដូចចង្កំ (ឬអ្នកខ្លះហៅថាប្រឡៅ) ដូច្នោះហើយបុព្វបុរសយើងហៅវាថា (ត្រយ៉ងចង្កំក.ស ។ សត្វត្រយ៉ងចង្កំក.ស  ភាគច្រើនពួកវាមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃរបោះ នឹងព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួ អូរ ព្រែក ស្ទឹង និងទន្លេ ជាដើម ។

សត្វត្រយ៉ងចង្កំក.ស វាក៏ជាប្រភេទសត្វបក្សីមានដោយកម្រផងដែរ។ ប៉ុន្តែវាក៏មានវត្តមានតិចតួចនៅរដ្ឋខ្លះនៃប្រទេសឥណ្ឌា និងមួយចំនួនតូចទៀតមាននៅប្រទេស ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាផងដែរ។  ចំណែកតួលេខដ៏ច្រើនលើសលប់ជាង៩០ភាគរយរបស់ពួកវានោះ គឺមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។  

សូមបញ្ជាក់ផងដែរថា សត្វត្រយ៉ងចង្កំក.ស ដែលស្ថិតនៅក្នុងបញ្ចីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើសកលលោក ។ សូមប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសត្វព្រៃដ៍ស្រស់ស្អាតរបស់យើង៕

ដោយ៖ សូរិយា


ចែករំលែក៖