ព័ត៌មានទាន់ហេតុការណ៍៖

លោកគួច ចំរើន និងភរិយាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកស្រីជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រិឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ លោកឧកញ៉ា ម្ចាស់សណ្ឋាគារ ប្រធានក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣(PS3)នេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូបក្នុង១ថ្ងៃ សាងសង់លើផ្ទៃដីជាងមួយហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ខេត្តព្រះសីហនុមានអាងប្រព្រិឹត្តកម្មទឹកកខ្វក់ចំនួនពីរដែលបានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ក្នុងនោះមានអាងប្រព្រិឹត្តកម្មទឹកកខ្វក់ទី១ (PS1) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ អាងប្រព្រិឹត្តកម្មទឹកកខ្វក់ទី២ (PS2) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។ ទឹកកខ្វក់ក្រោយពីប្រព្រឹត្តកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ។ ទន្ទឹមនឹងនោះរដ្ឋបាលខេត្តព្រះ សីហនុ ក៏មានគម្រោងសាងសង់អាងប្រព្រិឹត្តកម្មទឹកកខ្វក់បន្ថែមទៀតក្នុងក្រុងព្រះសីហនុ ដើម្បីជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ បង្កើនសោភណភាព បរិស្ថានឱ្យកាន់តែមានភាពល្អប្រសើរ និងបៃតងជានិច្ច ៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖