ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិកទទួលស្គាល់ថាបានវាយប្រហារខុសគោលដៅសម្លាប់ពលរដ្ឋ១០នាក់នៅទីក្រុងកាប៊ុល

ចែករំលែក៖

តាមការស្រាវជ្រាវរបស់កម្លាំងទាហានអាមេរិកបានឱ្យដឹងថា ការវាយប្រហារខុសគោលដៅពីយន្តហោះគ្មានមនុស្សបើកបានសម្លាប់ពលរដ្ឋ១០នាក់ ក្នុងនោះមានកុមារ៧នាក់ក្នុងទីក្រុងកាប៊ុល កាលពីខែសីហាកន្លងមក។ នៅពេលនេះអាមេរិកនឹងសងសំណងដល់គ្រួសារជនរងគ្រោះដោយការវាយប្រហារខាងលើ។
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនៅថ្ងៃទី២៩ខែសីហា សំដៅទៅលើគោលដៅជនវាយប្រហារគ្រាប់បែកអត្តឃាត ដែលកំពុងតែគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការវាយប្រហារតាមដែនអាកាសកើតឡើងក្រោយពេលកម្លាំងទាហានបរទេសបានដកទាហានចេញពីអាហ្វហ្គានីស្ថាន ។
មេបញ្ជាការកងទ័ពអាមេរិក លោក Frank McKenzie បានបញ្ជាក់ថា «ក្នុងពេលវាយប្រហារ ខ្ញុំជឿជាក់ថាអាចទប់ស្កាត់ការវាយប្រហារទៅលើកម្លាំងទាហានអាមេរិកនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ប៉ុន្តែការវាយប្រហារនោះខុសគោលដៅសម្លាប់ពលរដ្ឋស្លូតត្រង់ដែលជាកំហុសយ៉ាងធំធេង»។ សូមបញ្ជាក់ថា ក្រុមវាយប្រហារអត្តឃាតនៅតែសម្រេចបានការវាយប្រហារ នៅអាកាសយានដ្ឋានទីក្រុងកាប៊ុលដដែល ហើយបានសម្លាប់ទាហានអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថានអស់ជាច្រើន។

លោក Frank McKenzie បានបញ្ជាក់ទៀតថា នៅពេលនេះដែរមន្ទីរបញ្ចកោណកំពុងតែត្រួតពិនិត្យហើយនិងសងសំណងដល់ពលរដ្ឋស្លូតត្រង់ដែលស្លាប់ដោយសារតែការវាយប្រហារខាងលើ៕

ដោយ៖ធីរីណា


ចែករំលែក៖