ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន១១នាក់​ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្នងការ​នគរបាល​រាជធានី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៍មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែកញ្ញាថ្មីៗនេះ​ បានស្រាវជ្រាវនៅទីតាំងខាងលើនេះភ្លាមៗ។ 

លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ ដោយមានការដឹកនាំដោយផ្ទាល់លោក ឆាយ ហុង ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ស្រី ០១នាក់។

ប្រភពដដែលបន្តថា​ ក្នុង​ចំណោម​ជនសង្ស័យចំនួន ១១នាក់​ខាងលើ​នេះ​ មានមនុស្សចំនួន​២នាក់​ ជាមុខសញ្ញាគ្រឿងញៀន​យ៉ាង​សកម្ម​ទី១-ឈ្មោះ ធាន ខេង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជួញដូរ)។​ ទី២-ឈ្មោះ ឆែ ភិរុណ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរ)។​ ចំណែក​អ្នកចូលមកទិញគ្រឿងញៀន យកទៅប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតញៀន ចំនួន០៩នាក់។

ដោយ​ឡែក​វត្ថុតាងចាប់យករួមមាន៖  ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣១កញ្ជប់ថង់តូច, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១, ថង់ប្លាស្ទិកមួយចំនួនធំ, ដែកកេះ ចំនួន០៤, ទូរស័ព្ទដៃ ចំនួន០២គ្រឿង,ម៉ូតូចំនួន០៧គ្រឿង៕

ដោយ​៖សហការី​


ចែករំលែក៖