ព័ត៌មានទាន់ហេតុការណ៍៖

បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានធ្វេីការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីង​មិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជេីញទៅទទួលចាក់ ឱ្យបានគ្រប់ៗគ្នានៅទីតាំងដែល​រដ្ឋបាលក្រុង-ស្រុកបានរៀបចំ​កន្លងមក​និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។

ទន្ទឹមនេះលោកអភិបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ​ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់​ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម  ហេីយក្រោយទទួលបានការចាក់វ៉ាក់សាំងនេះរួច សូមបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ចំពោះពេលវេលា​ និងទីតាំងមានដូចខាងក្រោម (ពេលព្រឹកពីម៉ោង៧:៣០នាទីដល់ម៉ោង១១:៣០នាទី  ពេលរសៀលពីម៉ោង១រសៀល  ដល់ម៉ោង៤រសៀល)​ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

១-ក្រុងស្វាយរៀងៈ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទ៍ : មណ្ឌលសុខភាពញ

៤-ស្រុកស្វាយទាប : មន្ទីរ​ពេទ្យ​បង្អែកស្វាយទាប

៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់

៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក

៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស​ -​ មណ្ឌលសុខភាពអង្គតាសូ​ – មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ​ ឈេីទាល។

៨- ស្រុករមាសហែក: ទីតាំងអតីតសាលាស្រុករមាសហែក​, មណ្ឌលសុខភាពអំពិល​, មណ្ឌលសុខភាពអង្គប្រស្រែ៕

ដោយ៖យឹម សុថាន


ចែករំលែក៖