ព័ត៌មានទាន់ហេតុការណ៍៖

ជនខិលខូចបានបន្លំជាអតិថិជនរបស់ធនាគារនៅប្រទេសសិង្ហបុរី ដើម្បីលួចយកលេខសម្ងាត់ OTP

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះអាជ្ញាធរនៃប្រទេសសិង្ហបុរីបានប្រកាសអំពីល្បិចដែលជនខិលខូចបានបន្លំធ្វើជាអតិថិជនរបស់ធនាគារហើយបានធ្វើការផ្លាស់ប្ដូរការទទួលសារដើម្បីលួចយកលេខសម្ងាត់ OTP។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង , ក្រុមអ្នកវាយប្រហារដែលរស់នៅបរទេសទាំងនេះបានបន្លំធ្វើជាអតិថិជនសរុបចំនួន ៧៥នាក់ហើយបានលួចប្រើប័ណ្ណឥណទានដែលមានទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ។ នៅក្នុងការវាយប្រហារនេះពួកគេបានធ្វើការផ្លាស់ប្ដូរសេវាកម្មទូរសព្ទ ដែលអាចឱ្យពួកគេទទួលបានសារនៅក្រៅប្រទេស។ ជនខិលខូចបានធ្វើការផ្លាស់ប្ដូរទីតាំងសម្គាល់ ដើម្បីឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទនៅសិង្ហបុរីគិតថាអតិថិជនគឺកំពុងតែនៅក្រៅប្រទេសដែលនេះទាមទារឱ្យពួកគេមានចំណេះដឹងច្រើនក្នុងការជ្រៀតចូលទៅក្នុងប្រព័ន្ធទូរគមនាគមន៍ នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរ។

ទាក់ទងនឹងការវាយប្រហារនេះ ជនរងគ្រោះពុំមានវិធីណាមួយដែលអាចការពារគណនីរបស់ពួកគេ ក្រៅពីការពារកុំឱ្យបែកធ្លាយលេខប័ណ្ណឥណទានតាមរយៈកម្មវិធីមេរោគ ឬការបោកបញ្ឆោត។ ទោះជាយ៉ាងណាក្ដី នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការស្នើសុំលេខសម្ងាត់ OTP ពីជនណាម្នាក់។ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយ ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីរបស់លោកអ្នក ជាពិសេសគណនីធនាគារនោះ។ ក្នុងករណីដែលមានការសង្ស័យ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់តាមរយៈទូរសព្ទ៕

ដោយ ៖ សិលា


ចែករំលែក៖