ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន​ អញ្ជេីញពិនិត្យវឌ្ឍនភាពការងាររបស់សមាគមមូលនិធីវ៉ាយ​ អិល​ ភី​ ខេត្តបន្ទាយមានជ័យ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ រសៀលថ្ងៃ​ទី១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក កែ គឹមយ៉ាន តំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ស្ថាបនិកសមាគម អមដោយក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសមាគមមូលនិធិសម្រាប់ប្រជាពលរដ្ឋមានជីវភាពលំបាកនៅខេត្តបន្ទាយមានជ័យ។ 

លោក ឈឿន ឈីវអៀន នាយកប្រតិបត្តិសមាគមមូលនិធីវ៉ាយ​ អិល​ ភី​ បានធ្វេីរបាយការណ៍បង្ហាញពីវឌ្ឍនភាពបានផ្ដល់ទុនបន្ថែមដល់កសិករក្នុងការប្រកបរបរកសិកម្មដូចជាការធ្វើស្រែចម្ការ​ ការដាំដុះនិងការចិញ្ចឹមសត្វ និងផលិតកម្ម​ ក្នុងន័យលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយបានការចំណាកស្រុកដើម្បីរក្សាបាននូវតម្លាភាពហានិភ័យនិងនិរន្តរភាព​ ហេីយប្រជាពលរដ្ឋបានបង្កើនចំណូលប្រចាំគ្រួសារមានការអភិវឌ្ឍខ្លួនទាំងចំណេះ និងបទពិសោធលើផ្នែកកសិកម្មនិងផលិតកម្ម។ 

ក្នុងឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានកោតសសេីរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ និងបុគ្គលិក​ទាំងអស់ធ្វេីឱ្យសមាគមមូលនិធិ​ វ៉ាយ​ អិល​ ភី​ ដំណេីរការទៅមុខ​ជួយសម្រាលការលំបាកទៅលេីកង្វះទុនសម្រាប់ប្រកបរបរកសិកម្ម​ ផលិតកម្ម​ ស្របពេលដែលកម្ពុជាយេីងបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ការផលិតបានផលកសិកម្ម​ និងផលិតកម្មក្នុងស្រុកជាការងារចាំបាច់បច្ចុប្បន្នភាពសម្រាប់ប្រជាពលរដ្ឋយេីង៕

ដោយ៖ សហការី


ចែករំលែក៖