ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តរតនគិរី​ និងខេត្តស្ទឹងត្រែង ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤នាក់ រស់នៅខេត្តរតនគិរី​ និងខេត្តស្ទឹងត្រែង។ 

១-លោកយាយ ហ្វឿយ ផាន់ អាយុ​ ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី

២-លោកយាយ ទៀង​ យ៉ល អាយុ​ ១០២ឆ្នាំ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី

៣-លោកតា​ កាយិន តាម៉ង អាយុ ១០៤ឆ្នាំ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី

៤-លោកយាយ ញូ​ បុប្ផា អាយុ ១០១ឆ្នាំ រស់នៅភូមិខាំភោគ ឃុំព្រែកមាស​ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ 

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៤៨នាក់​ (ឆ្លងសហគមន៍​:​ ​​៤៨៨ និង​ នាំចូល:​ ១៦០) និងមានជាសះស្បេីយ​ ៤៩២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៣៤៨២ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៦៧៦៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ២០៩៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2341555 ស្មេីនឹង​ 137819  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,១៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៣,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖