ព័ត៌មានទាន់ហេតុការណ៍៖

អន់ចិត្តសុំលុយប្រពន្ធទៅការក្មួយនៅខេត្តស្ទឹងត្រែងបានតិចពេកចាក់សោរផ្ទះដុតសម្លាប់ខ្លួនផ្អើលអ្នកភូមិទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ក្នុងផ្ទះកណ្តាលភ្នក់ភ្លើងគួរឱ្យរន្ធត់បំផុតក្រោយពេលសុំលុយប្រពន្ធទៅការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយប្រពន្ធឱ្យលុយតិចពេកប្រហែលជាខឹងចិត្តក៏ដាក់គន្លឹះទ្វារផ្ទះពីក្នុងដុតសម្លាប់ខ្លួនឯងផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលដុតផ្ទះដើម្បីសម្លាប់ខ្លួនឯងនេះមានឈ្មោះ យង់ ផល្លា  អាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំ រស់ក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។

ប្រភពបន្តថា ផ្ទះដែលអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនេះមានទំហំ៨ម៉ែត្រគុណនិង៩ម៉ែត្រសង់អំពីថ្មក្រោមឈើលើ ដោយបាត់បង់ទ្រព្យសម្បត្តិរួមមានប្រាក់១ម៉ឺនដុល្លារ, ប្រាក់រៀល២លានរៀល, មាស២តម្លឹងនិងសម្ភារមួយចំនួនទៀត។

តាមប្រពន្ធឈ្មោះ អ៊ូ នាង បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុប្ដីរបស់គាត់បានមកសុំលុយពីគាត់ដើម្បីទៅការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយពេលនោះគាត់ជាប្រពន្ធក៏បានឱ្យលុយមួយចំនួនទៅ ប៉ុន្តែមិនដឹងថាប្តីគាត់អន់ចិត្តពីរឿងលុយតិចឬក៏យ៉ាងណានោះទេស្រាប់តែប្តីគាត់ខ្ទាស់គន្លឹះទ្វារសម្ងំនៅក្នុងផ្ទះហើយដុតសម្លាប់ខ្លួនឯងបែបនេះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុអ្នកភូមិក៏ដូចជាសមត្ថកិច្ចនាំគ្នាជួយពន្លត់ដែរ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំទៅហើយទើបមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង៕ ដោយ យឺម សុថាន

ដោយ៖យឹម សុថាន


ចែករំលែក៖