ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ មន្ត្រីរាជការ,មន្ត្រីជាប់កិច្ចសន្យាមន្ទីរសុខាភិបាល,បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត្តជាង១.៥០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

     ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។

   ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

     មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញដែលត្រូវទទួលបានអំណោយនេះមានចំនួនសរុប ១.៥៤៨រូប ដោយក្នុង១រូបៗទទួលបានអង្ករចំនួន២៥គីឡូក្រាម ,មីចំនួន ០១កេសតូចនិងត្រីខចំនួន០១យួរ ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានធ្វើការណែនាំដល់លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញឱ្យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅទូទាំងរាជធានីភ្នំពេញបន្តយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អបន្ថែមទៀត ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើង៕

ដោយ ៖ សំរិត


ចែករំលែក៖