ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឈវត្តសំរោងធំ កសាងព្រះពុទ្ធរូប និង ធ្វើពិធីលើដីកំពុងមានទំនាស់ ដែលតុលាការចេញដីកាសម្រេចដាក់រក្សាការពារ មិនឲ្យភាគីទំនាស់ធ្វើអ្វីនៅលើដីនេះទេ

ចែករំលែក៖

ខេត្តកណ្តាល៖ ដីចំនួន២ហិកតា កំពុងមានទំនាស់រវាងភាគីព្រះសង្ឃវត្តសំរោងធំ ជាមួយសេនាជនចំនួន១៥គ្រួសារ ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ដែលជាភាគីទំនាស់មិនសុខចិត្តនូវទង្វើរបស់ព្រះសង្ឈវត្តសំរោងធំ ចេះតែសាងសង់នេះសាងសង់នោះ និង ធ្វើពិធីនៅលើដីទំនាស់ដែលតុលាការចេញដីកាសម្រេចរក្សាការពារ។

គួររំលឹកថា ដីទំនាស់រវាងភាគីទាំងសងខាងនេះចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចប្បន្ន ក្នុងនោះភាគីទាំងសងខាងក៏បានប្តឹងផ្តល់គ្នាទៅដល់តុលាការកំពូល ហើយតុលាការកំពូលក៏បានចេញសាលដីកាឲ្យភាគីសេនាជន ចំនួន១៥គ្រួសារជាអ្នកឈ្នះ ជាម្ចាស់កម្មសិទិ្ធ ហើយសាលដីកាស្ថាពររបស់តុលាការកំពូល លើសុំណុំរឿងទំនាស់នេះ បានដាក់មកដល់តុលាការខេត្តកណ្តាល បន្ទាប់មកស្នើសុំការអនុវត្ត តែដោយសារមានការរាំងស្ទះរបស់អជ្ញាសាលា នៃសាលាដំបូងខេត្តកណ្តាល ទើបតុលាការចេញដីកាសម្រេចរក្សាការពារ ដោយមិនអនុញ្ញាតឲ្យភាគីណាម្នាក់ធ្វើអ្វី ឬមានសិទ្ធិបង្កបង្កើនផលនៅលើដីនេះនោះទេ។

ប្រជាពលរដ្ឋ១៥គ្រួសារ បានលើកឡើងថា ទោះជាដីនេះតុលាការចេញដីកាសម្រេចរក្សាការពារ មិនអនុញ្ញាតឲ្យភាគីណាម្នាក់ធ្វើអ្វី ឬមានសិទ្ធិបង្កបង្កើនផលក៏ដោយ ប៉ុន្តែភាគីខាង ព្រះសង្ឃវត្តសំរោងធំ មិនស្តាប់វិធានការរបស់តុលាការនោះទេ គឺព្រះសង្ឃបានសាងសង់ព្រះពុទ្ធរូបមួយអង្គដ៏ធំ បន្តិចម្តងៗ រហូតជិតបាន១០០% ទោះជាមានការចុះហាមឃាត់ពីអាជ្ញាធរខេត្តកណ្តាលក៏ដោយ ។ 

ប្រជាពលរដ្ឋចំនួន១៥គ្រួសារ បញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ព្រះសង្ឃវត្តសំរោងធំ បានប្រារព្ធពិធីបុណ្យ អភិសេកព្រះពុទ្ធរូប ដែលសាងសង់នៅលើដីទំនាស់ដែលតុលាការចេញដីកាសម្រេចរក្សាការពារនៅឡើយ ព្រមទាំងតុលាការកំពូលបានចេញសាលក្រមឲ្យភាគីខាងប្រជាពលរដ្ឋចំនួន១៥គ្រួសារឈ្នះទៅហើយ នៅឡើយតែរងចាំការអនុវត្តពីតុលាការខេត្តកណ្តាលតែប៉ុណ្ណោះ ។ មួយវិញទៀត អជ្ញាធរខេត្តកណ្តាលក៏បានចុះណែនាំមិនឲ្យព្រះសង្ឃប្រារព្ធពិធីបុណ្យនេះឡើងនោះទេ ដើម្បីកុំឲ្យមានការប្រមូលផ្តុំ ជាពិសេសបង្ការ និង ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែព្រះសង្ឃវត្តសំរោងធំមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្តនោះទេ ដោយមានការប្រារព្ធ ពិធីឡើង និងប្រមូលផ្តុំមនុស្សជាច្រើនផងដែរ។ ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាគូទំនាស់ បានប្រាប់ថា ការធ្វើពិធីនេះឡើងគឺជាលេសរបស់ព្រះសង្ឃវត្តសំរោងធំ ដើម្បីកុំឲ្យមានការរុះរើ ព្រះពុទ្ធរូបដែលកំពុងសាងសង់។

ជាចុងក្រោយប្រជាពលរដ្ឋចំនួន១៥គ្រួសារបានសូមណូមពរដល់អាជ្ញាធរខេត្តកណ្តាលដើម្បីមានវិធានការដោះស្រាយនូវបញ្ហានេះកុំឱ្យព្រះសង្ឃវត្តសំរោងធំនៅតែបំពានសាងសង់ និង ប្រារព្ធពិធីនៅលើដីមានទំនាស់តទៅទៀត រង់ចាំតុលាការខេត្តកណ្តាល ចេញសេចក្តីអនុវត្តសិន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖