ខេត្តសៀមរាប៖ ពិតជាឃោរឃៅណាស់ដែលជនមិនស្គាល់មុខលួចបង្កៃគ្រាប់បែកក្នុងទ្រូហើយពេលលោកតាអាយុ ៧៨ ឆ្នាំ ម្នាក់បានទៅលើកទ្រូក៏ផ្ទុះស្លាប់តែម្តង។
ហេតុការណ៍នេះកើតឡើង តាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មន្រ្តីនគរបាលស្រុកក្រឡាញ់ បាននិយាយថា នៅវេលាម៉ោងប្រហែល ៩ និង៤០នាទី ព្រឹកថ្ងៃកើតហេតុ មានបងប្អូន ប្រជាពលរដ្ឋ បានទៅស្ទូងស្រូវ នៅវាលស្រែខាងលិចភូមិ ប្រហែល ៣០០ ម៉ែត្រ ដែលមានព្រំប្រទល់ ជាប់នឹងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ក៏បានឃើញមានធុងពណ៌ស នៅលើភ្លឺស្រែ ដែលមានចម្ងាយប្រហែល ៨០ ម៉ែត្រ ប៉ុន្តែមិនឃើញមានមនុស្សទេ។ បន្ទាប់មកកសិករបានដើរទៅមើលនៅក្បែរធុងនោះស្រាប់តែឃើញមនុស្ស ដេកស្លាប់ក៏ភ្ញាក់ផ្អើលហើយនាំគ្នារាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ឆាវ រ៉ាយ ភេទប្រុស អាយុ ៧៨ ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយបំណែកគ្រាប់បែកផ្ទុះដែលគេសង្ស័យថាជនមិនស្គាល់មុខ លួចបង្កៃគ្រាប់បែក ជាប់នឹងទ្រូរបស់ជនរងគ្រោះ។
តាមការបំភ្លឺរបស់បុរសឈ្មោះ ឆាវ រ៉ិត អាយុ ៣៧ ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះថា ឪពុករបស់គាត់ ដាក់ទ្រូ នៅទីនោះ (ផ្លូវរទេះចាស់) រយៈពេលជិត ១០ ឆ្នាំមកហើយ ហើយឆ្នាំនេះ គាត់ទៅដាក់ទ្រូ កន្លែងចាស់នោះ ប្រហែល ៦ ទៅ ៧ ថ្ងៃហើយដែរ ព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹក ម៉ោង ៦:៣០ នាទី គាត់តែងតែទៅមើលទ្រូររបស់គាត់ហើយរហូតដល់ម៉ោងប្រហែល ៨ ព្រឹកទើបឪពុករបស់គាត់បានត្រឡប់មកផ្ទះវិញ។ ប៉ុន្តែនៅនៅព្រឹកកើតហេតុកូនដាំបាយឆ្អិន ចាំឪពុកគាត់ ដល់ម៉ោង ៩:៣០នាទី នៅតែមិនឃើញមកផ្ទះ ទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថា ឪពុកគាត់ បានស្លាប់នៅកន្លែងដាក់ទ្រូ បាត់ទៅហើយ។
បើតាមររបាយការណ៍សមត្ថកិច្ចជំនាញអះអាងថា នៅវេលាម៉ោងប្រហែល ៧និង២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរ កន្លែងកើតហេតុ បានឮសឡេងផ្ទុះយ៉ាងខ្លាំងនៅវាលស្រែនេះ តែគេស្មានថា ផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះ មេឃកំពុងតែភ្លៀងខ្លាំងទៀតផង។
យ៉ាងណាករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ខណ:ចាត់ទុកករណីនេះជារឿងគំនុំអ្វីមួយ៕
ដោយ ៖ ប្រាថ្នា