ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ លោករួមជាមួយនិងភរិយា បានចូលរួមពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក ដែលមានលោក HUANG QIYUAN អគ្គនាយកក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក និងលោកស្រី LU JINGYI ព្រមទាំងឯកឧត្តម ឯក មនោសែន ប្រធានក្រុមប្រឹក្សាភិបាល សមាគម CAMBOSINO និងលោកស្រី និងលោក ហេង ហាក់ម៉ុង គណៈប្រតិបត្តិសមាគម CAMBOSINO និងលោកជំទាវ ។
អំណោយសប្បុរសធម៌របស់ក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក រួមមាន ៖ អាវការពារពេទ្យ ចំនួន ១០០ ០០០អាវ, ម៉ាសការពារ ចំនួន ៣០ ០០០ម៉ាស, អង្ករ ចំនួន ៣ ០០០គីឡូក្រាម, មីកញ្ចប់ ចំនួន ៦០០កេស, ភេសជ្ជៈ ចំនួន ៦០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៦០០យួរ ។
ជាមួយគ្នានេះ លោក ស សុខា និងភរិយា ព្រមទាំងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លា សម្រាប់យើងខ្ញុំបន្តចែកជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏សូមគោរពជូនពរ លោក លោកស្រី និងក្រុមហ៊ុនទាំងមូល សូមទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី