ពិភពលោកកំពុងព្រួយបារម្ភពីសង្គ្រាមត្រជាក់ថ្មី ដែលអាចនឹងកើតឡើងរវាងអាមេរិកនឹងចិន ខណៈដែលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច។ នៅពេលនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ប្រទេសមហាអំណាចទាំងពីរសូមកែទម្រង់ទំនាក់ទំនងរវាងគ្នាឱ្យកាន់តែប្រសើរឡើង ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសមុនពេលកិច្ចប្រជុំជាប្រចាំរបស់អង្គការសហប្រជាជាតិថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកចាំបាច់ត្រូវតែសហការគ្នាលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា បរិយាកាសសន្តិសុខ និងបញ្ហាសមុទ្រចិនខាងត្បូង …ខណៈដែលការប្រេះឆារវាងប្រទេសទាំងពីរនៅមិនទាន់ធ្ងន់ធ្ងរនៅឡើយ។
លោក Antonio Guterresបញ្ជាក់ថា ចាំបាច់ត្រូវតែបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងមហាអំណាចទាំងពីរ គឺជាការចាំបាច់បំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៅលើពិភពលោក។
កាលពី២ឆ្នាំមុន អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានពី ការបែងចែកពិភពលោកទៅជាពីរ ដោយម្ខាងដើរតាមចិន និងម្ខាងទៀតដើរតាមអាមេរិក បង្កើតទៅជាបណ្តាញហិរញ្ញវត្ថុ ពាណិជ្ជកម្ម …ដាច់ដោយឡែក។ ដើម្បីបញ្ចៀសនូវហេតុការណ៍ខាងលើ ប្រទេសមហាអំណាចទាំងពីរត្រូវបញ្ជាក់ពីការប្រឈមមុខដាក់គ្នា ផ្សះផ្សារទំនាក់ទំនងដើម្បីកុំឱ្យធ្លាក់ក្នុងគន្លងនៃសង្គ្រាមត្រជាក់ អាមេរិក-សហភាពសូវៀត នាឆ្នាំ១៩៤៧-១៩៩១៕(ដោយ៖ធីរីណា)
រូបថត៖Getty
ប្រភពរូបថត៖FT