ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន រេចង្កូតខុសផ្លូវដួលបោកស្លាប់២នាក់និងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូខុសផ្លូវ បណ្ដាលឲ្យដួលបោក ដោយសារការបើកបរក្នុងល្បឿនលឿនដូចហោះ ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ទៅចំនួន២នាក់ និងរបួសធ្ងន់ម្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងពាក់កណ្ដាលអាធ្រាត្រឈានចួលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ត្រង់ចំណុចច្រមុះជ្រូក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លោក វរៈសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ មី ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P .6311 និងអ្នករួមដំណើរទី-១(ស្លាប់)ឈ្មោះ ដែក ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមទី-២ របួស(ធ្ងន់)ឈ្មោះ ដួង ស៊ៀត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជនរងគ្រោះ(ស្លាប់ និងរបួសធ្ងន់)ទាំងចំនួន៣នាក់ ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ ។

 លោក អធិការបន្តទៀតថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ  មិនដឹងជាយ៉ាងម៉េចស្រាប់តែហួសផ្លូវ បណ្ដាលឲ្យដួលបោកដោយខ្លួនឯង ស្លាប់ និងរងរបួសរដូករណែលបែបនេះ ជនរងគ្រោះត្រូវបានគេស្គាល់ជាកម្មករធ្វើរីសត ផ្លូវទៅរមណីដ្ឋានច្រកល្អៀង ។

 លោក បញ្ជាក់ទៀតថា បច្ចុប្បន្ន ជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរួមទាំងវត្ថុតាងម៉ូតូ ចំណែកជនរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖