ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ !

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានរំឮកជូនដល់ពិភពលោកក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ  ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ 

សម្តេចតេជោហ៊ុនសែន មានប្រសាសន៍លើកឡើងថា, កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាង មហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ពន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

សម្តេចបន្តថា, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើយើង។ យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជា ទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមាន ជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិត ប៉ុណ្ណោះ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នានិងមាន ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។

ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ  ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា, ខ្ញុំសូមឆ្លៀតឱកាសនេះ សូមប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និង ស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ។ 

ជនរួមជាតិជាទីស្នេហា ! ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបាន ធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំ អភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាព ពិភពលោក។ កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយ ពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំង ជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះ នឹងវិបត្តិនៃភ្លើងសង្គ្រាម។ ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងកម្លាំង សរុបចំនួន ៧,៥២៧ នាក់ (ក្នុងនោះ ស្ត្រី៤៦៨នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅតាមតំបន់ចំនួន១០ ក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ៍ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២១នេះ កងកម្លាំងកម្ពុជាមានចំនួនសរុប៧៨៧ នាក់ (ក្នុងនោះស្ត្រី១០៥នាក់) កំពុងបំពេញ បេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖