លោក Jeff Jients អ្នកសម្របសម្រួលក្នុងកម្មវិធីប្រឆាំងកូវីដ-១៩របស់សេតវិមានបានឱ្យដឹងថា អាមេរិកនឹងបើកទ្វារស្វាគមន៍ដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពី៣៣ប្រទេសជុំវិញពិភពលោក ដែលចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ ។
ការសម្រេចខាងលើគឺដើរផ្ទុយទៅនឹងទស្សនៈរបស់រដ្ឋាភិបាលប្រធានាធិបតីបៃឌិន ដោយកាលពីសប្តាហ៍កន្លងមកមន្ត្រីរដ្ឋាភិបាលអាមេរិកបានប្រកាសថា នេះមិនមែនជាពេលវេលាដើម្បីកាត់បន្ថយការរឹតត្បិតនោះឡើយ ដោយការឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់ដដែល។
ការរឹតត្បិតរបស់អាមេរិកធ្វើឲ្យមនុស្សរាប់ពាន់នាក់នៅក្រៅប្រទេស សាច់ញាតិឬអ្នករកស៊ីនៅក្រៅប្រទេសមិនអាចចូលក្នុងទឹកដីអាមេរិកបានជាច្រើនខែកន្លងមកហើយ។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រដ្ឋាភិបាលបានសម្រេច អនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងរួចរាល់មកពី២៦ប្រទេស ស្ថិតនៅក្នុងក្រុម Schengen ស្ថិតនៅតំបន់អឺរ៉ុប មានដូចជា អាល្លឺម៉ង់ បារាំង អុីតាលី អេស្ប៉ាញ ស្វុីស ក្រិក… រួមជាមួយប្រទេសអង់គ្លេស អៀរឡង់ ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល…។
ក្នុងពេលនេះដែរសហគមន៍អឺរ៉ុប អង់គ្លេស និងអាល្លឺម៉ង់បានអបអរសាទរដល់អាមេរិកដែលបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ។ នោះជាដំណឹងល្អសម្រាប់បណ្តាក្រុមហ៊ុន ក៏ដូចជាគ្រួសារសាច់ញាតិដែលបានកាត់ផ្តាច់ដោយសារតែកូវីដ-១៩ ។
តាមការប្រកាសរបស់គណៈកម្មការសហគមន៍អឺរ៉ុបបានឱ្យដឹងថា ការសម្រេចរបស់អាមេរិកគឺជាសកម្មភាពដែលពលរដ្ឋជាច្រើនទន្ទឹងរង់ចាំ អាចធ្វើដំណើរចុះឡើងបានយ៉ាងងាយស្រួល ខណៈដែលពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់៕
ដោយ៖ធីរីណា(រូបថត៖Inquirer+ Reuters)