ព័ត៌មានទាន់ហេតុការណ៍៖

ចរិតលិខិតជូនដំណឹងរបស់ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក មានចេតនាកេងចំណេញលើអតិថិជនរបស់ខ្លួន ដែលជាម្ចាស់សាខា NOBICHA ព្រែកហូរ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ព្រឹក ម្ចាស់សាខា NOBICHA ដែលជាដៃគូហ្វ្រេនឆាយ សាខាព្រែកហូរ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកកាន់អង្គភាព “នគរដ្រេហ្គន” ហើយបានរៀបរាប់ឱ្យដឹងថា៖ ក្រុមហ៊ុន NOBICHA CAMBODIA បានបង្ខិតបង្ខំឱ្យខ្លួនជាម្ចាស់សាខា NOBICHA ព្រែកហូរ ដែលជាដៃគូសហការ (ហ្វ្រេនឆាយ) គឺបង្ខំឲ្យចុះហត្ថលេខាលើទម្រង់លិខិតជូនដំណឹងរបស់ក្រុមហ៊ុនដែលមានចរិតបង្កប់ខ្លឹមសារជាកិច្ចសន្យា កេងចំណេញទៅលើអតិថិជនរបស់ខ្លួន តាមរយៈលិខិតជូនដំណឹងរបស់លោកមេធាវី ខាន់ ច័ន្ទកូលិច ជាមេធាវីតំណាងរបស់ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) ដែលមាន ខ្លឹមសារថា ៖ ជម្រាបជូនលោកជាអ្នកតំណាងដោយស្របច្បាប់ NOBICHA សាខាព្រែកហូរ ទីតាំងស្ថិតនៅ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល អំពីការបំពានកិច្ចសន្យា និង មិនគោរពកាតព្វកិច្ចរវាងការិយាល័យកណ្តាល និង NOBICHA សាខាព្រែកហូរ ខេត្តកណ្តាល ត្រង់ចំណុចមិនចុះហត្ថលេខា និង មិនគោរពគោលការណ៍នៃការធ្វើប្រូម៉ូសិន របស់ក្រុមហ៊ុន ចុះថ្ងៃទី ១១/០៨/២០២១ ។ សូមទុកពេលវេលានៃការដោះស្រាយចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃដែលលោក ទទួលបានលិខិតជូនដំណឹងនេះ ក្នុងករណីមិនមានដំណោះស្រាយ យើងខ្ញុំនឹងប្រើប្រាស់សិទ្ធិក្នុងនាមមេធាវីតំណាង ក្រុមហ៊ុនចាត់វិធានការតាមផ្លូវច្បាប់ ។

ម្ចាស់សាខាព្រែកហូរបានលើកឡើងថា, ចំពោះការចេញលិខិតជូនដំណឹងរបស់លោក ខាន់ ច័ន្ទកូលិច ជាមេធាវីតំណាងឱ្យក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) ខាងលើនេះ គឺមានចេតនាបង្ខិតបង្ខំឱ្យម្ចាស់សាខា NOBICHA ព្រែកហូរ ដែលជាដៃ គូសហការ (ហ្វ្រេនឆាយ) បង្ខំឲ្យចុះហត្ថលេខាលើទម្រង់លិខិតជូនដំណឹងរបស់ក្រុមហ៊ុនដែលមានចរិតបង្កប់ខ្លឹមសារជាកិច្ចសន្យា កេងចំណេញទៅលើអតិថិជនរបស់ខ្លួន ឱ្យខានតែបាន ដោយ លោកមេធាវីបានសង្កត់ធ្ងន់ក្នុងលិខិតជូនដំណឹងថា បើមិនចុះហត្ថលេខានឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកជាម្ចាស់សាខាព្រែកហូរបន្តថា, ម្យ៉ាងវិញទៀត ខ្លឹមសារនៃលិខិតជូនដំណឹងរបស់ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ហាក់មានការកេងចំណេញ គាបសង្កត់មកលើ ម្ចាស់សាខា NOBICHA ព្រែកហូរ ដែលជាដៃគូសហការ (ហ្វ្រេនឆាយ) ដោយជូនដំណឹងមកភ្លាមឲ្យ ខ្លួនជាម្ចាស់សាខា NOBICHA អនុវត្ដភ្លាម និង ប្រើប្រាស់សិទ្ធិក្នុងនាមមេធាវីតំណាងក្រុមហ៊ុនចាត់វិធានការតាមផ្លូវច្បាប់ ដូចនេះប្រសិនបើ គាត់ជាម្ចាស់សាខា NOBICHA ព្រែកហូរ ដែលជាដៃគូសហការ (ហ្វ្រេនឆាយ) បានចុះផ្សាយពាណិជ្ជកម្មរួចទៅហើយវាប្រែជាខកខាន និងខាតបង់ផលប្រយោជន៍ សម្រាប់គាត់យ៉ាងធ្ងន់ធ្ងរបំផុត។

តាមការបញ្ជាក់ពីម្ចាស់សាខា NOBICHA ព្រែកហូរ លើកឡើងថា , ខ្លួនបានចុះកិច្ចសន្យាដៃគូសហការ (ហ្វ្រេនឆាយ) ជាមួយ ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ដោយ មានរយៈពេលជាង ១ឆ្នាំមកហើយ មិនដែលអនុវត្តផ្ទុយនឹងខ្លឹមសារនៃកិច្ចសន្យាខាងលើ ឬ គោលការណ៍ណាមួយរបស់ ក្រុមហ៊ុនឡើយ ។ ទើបនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) បានផ្ញើរលិខិតជូនដំណឹងស្តីពីគោលការណ៍ធ្វើប្រម៉ូសិន ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ មកខ្លួនជាម្ចាស់សាខាNOBICHA ព្រែកហូរ ដើម្បីបង្ខំឲ្យចុះហត្ថលេខា តាមរយៈឈ្មោះ មឿន វណ្ណធឿន ដែលមានតួនាទីជាអ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) ប៉ុន្តែត្រូវបាន ខ្លួនជាម្ចាស់សាខា NOBICHA ព្រែកហូរ បានបដិសេធក្នុងការចុះហត្ថលេខា ព្រោះជាលិខិតជូនដំណឹង មិនមែនជាកិច្ចសន្យាណាមួយឡើយ ។ ទើបនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ លោក ខាន់ ច័ន្ទកូលិច បានចេញលិខិតជូនដំណឹងខាងលើមក លោកជាម្ចាស់សាខា NOBICHA ព្រែកហូរ តែម្ដង។

ម្ចាស់សាខាដដែលបានបញ្ជាក់បន្ថែមថា ៖ រាល់កាធ្វើប្រម៉ូសិនរបស់សាខា NOBICHA ព្រែកហូរ ត្រូវបានការអនុញ្ញាតពី ក្រុមការងាររបស់ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) ជាមុនសិន មុនដាក់ប្រម៉ូសិន នៅក្នុងហាង និង ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈបណ្ដាញសង្គម (Facebook) និង នៅក្រៅទីតាំងហាងនៃសាខា ជាដើម។

លោកបន្តថា, មួយវិញទៀត គោលការនៃការធ្វើប្រម៉ូសិន នៅក្នុងលិខិតជូនដំណឹងរបស់ ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) គឺបានធ្វើឲ្យប៉ះពាល់ដល់ទៅ សាខា NOBICHA ព្រែកហូរ និងអតិថិជនរបស់សាខា យ៉ាងខ្លាំង។ គាត់បានលើកជាឧទាហរណ៍ថា: អតិថិជនដែលជា

សាខាហ្វ្រេនឆាយ បានផ្សព្វផ្សាយថា នៅទីតាំងសាខា មានប្រូម៉ូសិន ទិញកាហ្វេ២កែវ ថែម១កែវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទីនេះ..ប្រម៉ូសិន ដូចនេះអតិថិជននឹងគិតថាខ្លួននឹងទទួលបានការប្រម៉ូសិននេះ តែដល់ ពេលខាងក្រុមហ៊ុនមានការប្រែប្រួល ខុសពីអ្វីដែលធ្លាប់បានប្រូម៉ូសិន អតិថិជនដែលជា សាខាហ្វ្រេនឆាយ នឹងរងការរិះគន់ ពីអតិថិជនដែលជាភ្ញៀវ ដូចជាមហាជនដែលបានដឹងលឺព័ត៌មាននឹងមានការរិះគន់ ហើយអ្នកដែលរៀបចំផ្សព្វផ្សាយនឹងត្រូវខាតបង់ប្រាក់ ។ ព្រោះថា ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) មិនដែលជួយ ចំណាយថ្លៃផ្សព្វផ្សាយ ឬ ទីផ្សារ ទៅដល់ខ្លួនជាម្ចាស់សាខា ឡើយ ។

ពាក់ព័ន្ធករណីនេះ លោក ខាន់ ច័ន្ទកូលិច ជាមេធាវីតំណាងឱ្យក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់អតិថិជនឆ្ងល់ថា,តើក្នុងនាមវិជ្ជាជីវៈជាមេធាវី តើមេធាវីមានសិទ្ធិ ចាប់បង្ខំឱ្យអតិថិជនចុះហត្ថលេខាលើទម្រង់ជាលិខិត ជូនដំណឹង ឬអត់? លោកបានប្រាប់អង្គភាព”នគរដ្រេហ្គន”តាម ទូរស័ព្ទថា, “អាធ្យាស្រ័យយើងធ្វើតាមការប្រគល់សិទ្ធិពីក្រុមហ៊ុន ហើយទាក់ទងរឿងគាត់ ចុះមិនចុះជាសិទ្ធិរបស់គាត់”។

ដោយឡែក លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងចម្ងល់ថា, តើក្នុងនាមវិជ្ជាជីវៈជា មេធាវី តើមេធាវីមានសិទ្ធិចាប់បង្ខំឱ្យអតិថិជនចុះហត្ថលេខាលើទម្រង់ជាលិខិត ជូនដំណឹង ឬអត់? អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយទូរស័ព្ទ ចូលគ្មានអ្នកទទួល ។

ចំពោះតំណាងឱ្យក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក (NOBICHA CAMBODIA) អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងសុំការបំភ្លឺបាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖